គ្រោះថ្នាក់​ចរាចរណ៍​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ស្លាប់​មនុស្ស​៣២​នាក់ របួស​៩៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

​ភ្នំពេញ​៖​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​មាន​ករនី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​៦០​លើក​បណ្តាល​ឲ្យ​មនុស្ស​៣២​នាក់​បាន​ស្លាប់ និង​៩៧​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។ នេះ​បើតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃទី​២៧ ខែមករា ដល់​ថ្ងៃទី​២៩ ខែមករា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៦០​លើក ស្លាប់​៣២​នាក់ របួសធ្ងន់​៦៩​នាក់ និង​របួសស្រាល​២៨​នាក់​។ ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំមុន​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ ដោយ​កាលពី​ឆ្នាំមុន កើតឡើង​៧២​លើក ស្លាប់​៣៨​នាក់ របួសធ្ងន់​៨៥​នាក់ និង​របួសស្រាល​៤២​នាក់​។​
​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​គឺ ការបើកបរ​ល្មើស​ល្បឿន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់ គឺជា​អ្នកបើកបរ​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។ ក្នុងករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង សមត្ថកិច្ច​នឹងធ្វើ​ការ​ឃាត់ និង​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៨៥ ឬ​បញ្ជូនទៅ​តុលាការ​តាម​មាត្រា​៧៧ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក (​ករណី​ស្រវឹង​លើស កម្រិត​ច្បាប់​កំណត់​)​។
​គួរ​បញ្ជាក់ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​កាលពី​ឆ្នាំ​២០១៦ មាន​មនុស្ស​ស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤១​នាក់ និង​ក្នុងចំណោម​គ្រោះថ្នាក់​៨០​ករណី​៕

images