ភ្នំពេញ៖ ស្ថានទូតកម្ពុជាដែលប្រចាំនៅប្រទេសថៃ និងនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ដល់ ពលករ-ពលការិនីខ្មែរ ចំនួន ១៣នាក់ (ប្រុស៨នាក់ ស្រី៥នាក់) ក្រោយពីក្រុមហ៊ុននាំពលករ ទៅប្រទេសថៃបោះបង់ចោលគ្មានការងារឲ្យធ្វើ។
យោងតាមលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក កុយ គួង បានឲ្យដឹងថា ថ្មីៗនេះ មានពលករ-ពលការិនីខ្មែរ ចំនួន ១៣នាក់ បានមករកស្ថានទូតកម្ពុជា ជួយអន្តរាគមន៍ បន្ចាប់ពីពួកគាត់ត្រូវ បានក្រុមហ៊ុន A.P.T.S.E & C (Cambodia) ដែលជាសាខាក្រុម Resources Manpower Co., ltd នៅភ្នំពេញ បញ្ជូនទៅប្រទេសថៃ ហើយត្រូវបានក្រុមហ៊ុនដៃគូ នៅថៃ បោះបង់ចោល ព្រោះរកការងារឲ្យពួកគាត់មិនបាន។
អ្នកនាំពាក្យរូបនេះ បានបន្តថា ពលករ-ពលការិនី បានឲ្យដឹងថា មុននឹងទៅធ្វើការនៅប្រទេសថៃនោះ ពួកគាត់ត្រូវបង់ប្រាក់ ឲ្យសាខាក្រុមខាងលើ ចាប់ពី ៣៥០ ទៅ៥៥០ដុល្លារសិន បានទៅធ្វើការបាន។
លោក កុយ គួង បានបន្ថែមថា បន្ទាប់ពីបានជួយអន្តរាគមន៍រួចមក ស្ថានទូតកម្ពុជាប្រចាំនៅថៃ បានរកការងារ ឲ្យពលករ-ពលការិនី បានចំនួន១១នាក់ ដោយឡែកពលការិនី ២នាក់ទៀត ត្រូវត្រឡប់កម្ពុជាវិញ ហើយតម្រូវឲ្យ ក្រុមហ៊ុនសង់ប្រាក់ ដល់ពួកគេវិញ ចំនួន ១០០ដុល្លារផងដែរ។
រីឯករណី ពលការិនីខ្មែ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីវិញ ក៏តម្រូវឲ្យស្ថាន ទូតកម្ពុជាប្រចាំ នៅនៅទីនោះ ជួយដល់ ពួកគេផងដែរ ក្នុងនោះ មានស្ត្រីម្នាក់បម្រើការ ជាជំនួយការមេផ្ទះឈ្មោះ សាវុទ្ធ ស្រអ៊ឹម បានធ្វើការ តាំងពីឆ្នាំ២០១១ សុំឲ្យជួយដោះ ស្រាយបញ្ហាប្រាក់ខែ និងមកកម្ពុជាវិញ ហើយខាង ស្ថានទូតបានជួយ ដោះស្រាយរួចរាល់ និងត្រូវត្រ ឡប់មកខ្មែរវិញហើយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ។
ករណីមួយទៀត ដែលជាជំនួយការមេផ្ទះ មានស្រុកកំណើតនៅខេត្តកំពង់ធំ ធ្វើការតាំងពីឆ្នាំ២០១០ ត្រូវបាន ឪពុកម្តាយ បានបាត់ដំណឹងមិនអាចទាក់ទងបាន ក្រោយពេលដឹងដំណឹងនេះ ស្ថានទូត បានហៅស្ត្រីរូបនេះ និងថៅកែមកសាកសួរ ទើបដឹងថា ឪពុកម្តាយគាត់និយាយកុហក ព្រោះចង់ កូនត្រឡប់មកកម្ពុជាវិញ ប៉ុន្តែស្ត្រីជាកូន ប្រាប់ថា គាត់មិនទាន់ចង់មក ខ្មែរវិញនោះទេ ចាំចប់កិច្ចសន្យាសិន។
ចំពោះរឿងមួយទៀត ដែលជាស្ត្រីបំរើការនៅប្រទេសម៉ាឡេស៊ីដែរនោះ មានឈ្មោះ គង់ បុប្ផា ធ្វើការនៅ ទីនោះតាំងតែពី ឆ្នាំ២០១០ ចង់ត្រឡប់កម្ពុជាវិញណាស់ ហើយបានទូរស័ព្ទមក ម្តាយដោយកុហកថា ថៅកែវាយធ្វើបាប និងបង្អត់អាហារ ប៉ុន្តែ ស្ថានទូតទៅយកគាត់ពីផ្ទះថៅកែមក ទើបគាត់សារភាពថា ថៅកែមិនបានវាយធ្វើបាប និងបង្អត់អាហារទេ ហើយ ខាងស្ថានទូត ក៏បានអន្តរាគមន៍នាំមកខ្មែររួចហើយដែរ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញនេះ៕