រាជធានីភ្នំពេញ៖ទីតាំងលេងល្បែងជល់មាន់នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខត្រូវបានកម្លាំងនគរបាលខណ្ឌចុះបង្ក្រាបដោយឃាត់ខ្លួនបានជនសង្ស័យ ១៤នាក់ (ស្រី១នាក់) មាន់ជល់៩ក្បាល។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន១៤នាក់ និងបានដកហូតមាន់ជល់៩ក្បាល, ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1DF-3266 ប្រាក់រៀលចំនួន ១,១០៥,០០០រៀល ប្រាក់ដុល្លារចំនួន ២,៦០០ដុល្លារ និងវត្ថុតាងជាច្រើនទៀត។ លោកអធិការបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងក្រោមការសម្របសម្រួលពី លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនបានហើយ កម្លាំងនគរបាលខណ្ឌបាននាំជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕