មីយ៉ាន់ម៉ា៖អ្នកប្រឹក្សាផ្នែកច្បាប់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងអំណាចរបស់ប្រទេសមីយ៉ាន់ម៉ាគឺត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យដែលនេះជាការផ្ទុះឡើងនូវអំពើហិង្សានយោបាយដ៏កម្រនៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន។
ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ប៉ុន្តែគេមិនទាន់ដឹងទេអំពីការជម្រុញឲ្យសម្លាប់លោក Ko Ni វ័យ៦៥ឆ្នាំរូបនេះដែលជាសមាជិកជនជាតិភាគតិចមូស្លីមដ៏លេចធ្លោរបស់មីយ៉ាន់ម៉ា។ការធ្វើឃាតនេះបានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនកាន់ព្រះពុទ្ធសាសនានិងជាកន្លែងមេដឹកនាំ Aung San Suu Kyi ស្ថិតនៅក្រោមសម្ពាធលើប្រតិបត្តិការសន្តិសុខធ្ងន់ដៃនៅក្នុងតំបន់មួយនៅភាគពាយព្យរបស់ប្រទេសនេះដែលមានប្រជាជនភាគច្រើនជាជនមូស្លីម។
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេធាវីនៅមុខស្ថានីយធំនៃព្រលានយន្តហោះអន្តរជាតិយ៉ាំងហ្គោននៅម៉ោងប្រហែល៥ល្ងាច។ នេះបើយោងតាម San Naing ដែលជាជំនួយការរបស់ Ko Ni ។រូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីបុរសម្នាក់ពាក់អាវផ្កាឈូក ខោខ្លីនិងស្បែកជើងសង្រែកភ្ជង់កាំភ្លើងពីក្រោយក្បាលរបស់ Ko Ni ។ សមាជិកគ្រួសារបាននិយាយថា Ko Ni កំពុងពចៅប្រុសរបស់គាត់នៅពេលដែលគាត់ត្រូវបានសម្លាប់។
អ្នកបើកតាក់ស៊ីម្នាក់ដែលព្យាយាមបញ្ឈប់ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ។ នេះបើយោងតាមលោក Zaw Htay ដែលជាអ្នកនាំពាក្យលោកប្រធានាធិបតី Htin Kyaw ។
លោក Zaw Htay បានប្រាប់ Reuters ថា “យើងបានឃាត់ខ្លួននិងកំពុងសាកសួរខ្មាន់កាំភ្លើងដើម្បីរកឲ្យឃើញពីមូលហេតុដែលគាត់បានសម្លាប់លោក Ko Ni និងអ្នកដែលនៅពីក្រោយឬជួលគាត់ឲ្យធ្វើរឿងនេះ”។
មន្ត្រីប៉ូលិសម្នាក់បានប្រាប់ Reuters ថា ជនសង្ស័យនេះគឺជាពលរដ្ឋមីយ៉ាន់ម៉ាមានអាយុ៥៣ឆ្នាំមកពីទីក្រុងភាគកណ្តាល Mandalay ។
គួរបញ្ជាក់ថា លោក Ko Ni ដែលជាអ្នកជំនាញផ្នែកច្បាប់រដ្ឋធម្មនុញ្ញគឺបាននិយាយអំពីតួនាទីអំណាចយោធាដែលបានរក្សានៅក្នុងការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបើទោះបីជាប្រគល់អំណាចទៅឲ្យរដ្ឋបាលស៊ីវិលរបស់លោកស្រី Suu Kyi នៅក្នុងខែមេសាក៏ដោយ៕