ម៉ានីល៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃចន្ទនេះបាននិយាយថា លោកនឹងពង្រីកសង្គ្រាមគ្រឿងញៀនបង្ហូរឈាមរបស់គាត់រហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិរបស់គាត់នៅឆ្នាំ២០២២ប៉ុន្តែបានទទួលស្គាល់ថា កងកម្លាំងប៉ូលិសរបស់គាត់កំពុងពុករលួយ។
មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងការបង្ក្រាបដែលចាប់ផ្តើមនៅពេលដែលលោក Duterte ចូលកាន់តំណែងនៅពាក់កណ្តាលឆ្នាំមុនខណៈក្រុមអង្គការសិទ្ធិមនុស្សបានព្រមានថា ប៉ូលិសកំពុងអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយមិនមែនគ្រាន់តែប្រយុទ្ធប្រឆាំងនឹងជនល្មើសប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយដល់សកម្មភាពពុករលួយរបស់ពួកគេដោយផ្ទាល់ផងដែរ។
លោក Duterte បានឈ្នះការបោះឆ្នោតប្រធានាធិបតីដោយសារតែការឃោសនារៀបចំច្បាប់និងសណ្តាប់ធ្នាប់ជាពិសេសការប្តេជ្ញាលុបបំបាត់ពាណិជ្ជកម្មគ្រឿងញៀនខុសច្បាប់ក្នុងរយៈពេលប្រាំមួយខែ។
នៅពេលចូលកាន់តំណែង លោក Duterte បានពង្រីកការកំណត់ពេលរហូតដល់ខែមីនាឆ្នាំនេះប៉ុន្តែនៅថ្ងៃចន្ទលោកបាននិយាយថា នឹងមិនមានទីបញ្ចប់ទេខណៈណាដែលលោកនៅតែកាន់តំណែង។ លោក Duterte បានប្រាប់អ្នកកាសែតថា“ខ្ញុំនឹងពង្រីកវាទៅថ្ងៃចុងក្រោយនៃអាណត្តិរបស់ខ្ញុំ។ ខែមីនាគឺលែងត្រូវបានគេគិតទៀតហើយ”។
នៅប្រទេសហ្វីលីពីន ប្រធានាធិបតីត្រូវបានអនុញ្ញាតឲ្យកាន់តំណែងត្រឹមតែមួយអាណត្តិប៉ុណ្ណោះដែលមួយអាណត្តិមានរយៈពេលប្រាំមួយឆ្នាំ។
លោក Duterte ហាក់ដូចជាមិនប្រែចិត្ដឡើយបើទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងលើសង្គ្រាមគ្រឿងញៀនពីរដ្ឋាភិបាលលោកខាងលិច ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សនានាដោយនិយាយថា គាត់ត្រូវតែចាត់វិធានការខ្លាំងក្លាដើម្បីបញ្ឈប់ហ្វីលីពីនពីការក្លាយជារដ្ឋគ្រឿងញៀនមួយ។
ប៉ូលិសត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សជាង២,៥០០នាក់ដែលពួកគេចោទប្រកាន់ថាជាជនសង្ស័យគ្រឿងញៀនខណៈពេលមនុស្សជិត៤,០០០នាក់ផ្សេងទៀតបានស្លាប់ក្នុងកាលៈទេសៈដែលមិនអាចពន្យល់បាននៅក្នុងការបង្ក្រាបនេះ៕