ទើប​ចេញពី​ពន្ធនាគារ​មិន​អស់​អាល័យ​គុក​វិល​ទៅវិញ​បន្ទាប់ពី​ចាប់រំលោភ​នារី​មាន​សតិ​មិនល្អ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

កំពង់ចាម​៖​អធិការនគរបាល​ស្រុ​ល​ជើងព្រៃ​បាន​បញ្ជូន​ខ្លួន​អតីត​ទណ្ឌិត​ម្នាក់ ដែល​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ថ្មីៗ ឲ្យ​ទៅ​នៅក្នុង​ពន្ធនាគារ ជា​លើក​ទី​២​ម្តងទៀត ព្រោះតែ​ទណ្ឌិត​ម្នាក់នេះ​មិន​កែខ្លួន ដោយបាន​ចាប់រំលោភ​សេពសន្ថវៈ រហូត​បានសំរេច លើ​នារី​មាន​សតិ​មិនល្អ​។​
​លោក​វរសេនីយ៍ត្រី យ៉ែម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹងថា ករណី​រំលោភ​សេពសន្ថវ នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃទី​២៨ មករា ២០១៧ នៅក្រោម​ផ្ទះ​ឈ្មោះ សំ ហន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ឪពុក​នារី​រងគ្រោះ មាន​ទីលំនៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ ឆុំ ស៊ឺន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេ​ងុ​ខាងលើ ជា​អតីត​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃទី​២១ កក្កដា ឆ្នាំ​២០១៦ ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ (​ហ​.​យ​) អាយុ​៣៤​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិនល្អ មានផ្ទះ​ក្បែរ​ជនសង្ស័យ ភូមិ​-​ឃុំ​កើតហេតុ​។​
​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ នាង​នៅក្រោម​ផ្ទះ​តែម្នាក់ឯង ពេលនោះ​ស្រាប់តែ​មានឈ្មោះ ឆុំ ស៊ឺន ភេទ​ប្រុស បាន​ចូល​មកដល់​ក្រោមផ្ទះ ចាប់​នាង​ផ្តួល​ទៅលើ​គ្រែ ហើយ​រំលោភ​សេពសន្ថវ រហូត​បានសំរេច ខណៈនោះ​ឪពុក​នាង​បានមក​ទាន់​ចាប់​ឈ្មោះ ឆុំ ស៊ឺន ប្រគល់ជូន​សមត្ថកិច្ច ។​
​លោក សំ ហន (​ឪពុក​នារី​រងគ្រោះ​) បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ លោក​បាន​យក​ម៉ូតូ​ទៅ​លាង ពេល​លាង​ម៉ូតូ​ហើយ ក៍​បណ្តើរ​ម៉ូតូ​មក​ទុក​ក្រោមផ្ទះ ក៍​បានឃើញ​ឈ្មោះ ឆុំ ស៊ឺន កំពុង​រំលោភ​សេពសន្ថវ កូនស្រី​របស់ខ្លួន ឃើញ​ដូច្នេះ លោក​ក៍បាន​ចូលទៅ​ចាប់​ឈ្មោះ ឆុំ ស៊ឺន ប្រគល់​ឲ្យ​សមត្ថកិច្ច​។​
​ជនសង្ស័យ​បាន​សារភាពថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​នៅក្រោយ​ផ្ទះ​ផ្លាស​ខ្សែចំណង​គោ ហើយ​ដើរ​ត្រឡប់មកវិញ ស្រាប់តែ​ឈ្មោះ ហ​.​យ នៅក្បែរ​ផ្ទះ​ស្រែកហៅ​ខ្លួន​ឲ្យ​ទៅជិត ហើយក៍​បបួល​ខ្លួន​រួមភេទ ។ ឆុំ ស៊ឺន (​ជនសង្ស័យ​) បន្តថា ពេល​រួមភេទ​រួច​បានសំរេច​ហើយ ស្រាប់តែ​ឪពុក​នាង​មក​ទាន់ ក៍​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​
​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី៕

Untitled-1