រាជធានីភ្នំពេញ៖បុរសម្នាក់ដាច់ប្រអប់ជើង និងដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង ខណៈកំពុងជិះម៉ូតូ ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកូរ៉ូឡា ពណ៌ស្លែ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-1637 បើកបរយ៉ាងលឿនដូចហោះតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿង ដែលបើកបរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យប៉ើងអ្នកបើកម៉ូតូទៅបុកនឹងដើមឈើបាក់ឆ្អឹង ដាច់ប្រអប់ជើង និងបើកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕