ខេត្តពោធិ៍សាត់៖កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បង្ក្រាបរទេះក្របីកង់រថយន្តដឹកឈើប្រភេទធ្នង់ចំនួន១០រទេះ ក្នុងនោះបានឃាត់អ្នកបរទេះចំនួន៥នាក់ដើម្បីធ្វើការសាកសួរ និងសត្វក្របីចំនួន១០ក្បាល ខណៈពួកគេកំពុងធ្វើសកម្មភាពដឹកជញ្ជូនជាក់ស្ដែង។ ចំណែកអ្នកបរទេះ៥នាក់ទៀត និងសត្វក្របី១០ក្បាលផងនោះបានរត់គេចខ្លួន។
ប្រតិបត្តិការខាងលើនេះ ចាប់ផ្តើមតាំងពីព្រលប់ថ្ងៃទី២៩ រហូតដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចនានាក្នុងព្រៃខាក្រោយភូមិ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបខាងលើ បានឱ្យដឹងថា រទេះក្របីកង់រថយន្តដឹកឈើប្រភេទប្រណិតធ្នង់ មានផលលំបាកខ្លាំងក្នុងការបង្ក្រាប ព្រោះតំបន់នោះក្នុងព្រៃ គ្មានផ្លូវរថយន្ត គឺកម្លាំងថ្មើរជើង ម្យ៉ាងទៀតយប់ងងឹតទើបកម្លាំងអនុវត្តន៍បានមនុស្សតែចំនួន ៥នាក់ និងសត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាល ចំណែករទេះក្របីកង់រថយន្តចំនួន ១០រទេះ ដោយឡែកអ្នកបរទេះ ៥នាក់ និងសត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាលដែរនោះ ត្រូវបានពួកគេនាំគ្នាដឹកគេចបាត់ ។
ប្រភពពីកម្លាំងខាងលើបន្តថា បន្ទាប់ពីកងកម្លាំងបាននាំរទេះរួមទាំងអ្នកបរ ៥នាក់ ក្របី ១០ក្បាល មកដល់កណ្ដាលភូមិក្សេត្របូរី រួចធ្វើការសួរនាំដើម្បីបំពេញនីតិវិធីឃើញថា អ្នកបរទេះទាំង ៥នាក់ ខាងលើ ពួកគេបច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ហើយគេបាននាំគ្នាចេញដំណើរទៅដឹកឈើខាងលើតាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចខ្មោចចាម ក្នុងព្រៃភ្នំក្នុងដែនសមត្ថកិច្ចបរិស្ថាន (ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់) ក្នុងគោលបំណងយកមកលក់ឱ្យថៅកែម្នាក់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ (កន្លែងបង្ក្រាប) ។
ប្រភពខាងលើដដែលនេះបន្តទៀតថា តាមចម្លើយសារភាពពីអ្នកបរទេះទាំង ៥ខាងលើ ក្នុងចំណោម ១០រទេះ មានម្នាក់ស្គាល់ផ្លូវ និងស្គាល់កន្លែងលាក់ឈើ ដែលពួកគេទៅដឹកយកមកដើម្បីលក់ឱ្យឈ្មួញម្នាក់ដូចបានរៀបរាប់ខាងលើ ហើយកន្លងមកពួកគាត់ធ្លាប់ស៊ីឈ្នួលដឹកឈើប្រណិតឱ្យឈ្មោះ ខន នៅឃុំឈើតុំ ក្រោយសួរនាំនិងបំពេញនីតិវិធីចប់សព្វគ្រប់ វត្ថុតាងទាំងឈើទាំងរទេះ ទាំងអ្នកបរទេះ ទាំងសត្វក្របីចំនួន ១០ក្បាល បានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ឈើទាំង ១០រទេះខាងលើនេះ ជាឈើប្រភេទប្រណិតធ្នង់ មានចំនួន ៥១ដុំ ស្មើនឹង ៦.១៣៥ម៉ែត្រគូប និងរទេះកង់រថយន្តចំនួន ១០រទេះ សត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាល ហើយវត្ថុតាងឈើប្រណិតខាងលើនេះ រួមទាំងរទេះកង់រថយន្តចំនួន ១០រទេះ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសន្ទ្រែ ចំណែកអ្នកបរទេះទាំង ៥នាក់ រួមទាំងសត្វក្របីយើងបានបំពេញនីតិវិធីលាយល័ក្ខជាអក្សរត្រឹមត្រូវឱ្យគាត់ទៅផ្ទះសម្បែងវិញ រង់ចាំគោលការណ៍ថ្នាក់លើដើម្បីអនុវត្តន៍បន្ត ។
គួររំលឹកផងដែរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅភូមិស្រែពពាយ និងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដដែលនេះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញប្រមូលឈើប្រភេទប្រណិតធ្នង់តាមលំនៅដ្ឋាន ៤កន្លែង ចំនួន ៥៩ដុំ ស្មើនឹង ៦.៨៥៤ម៉ែត្រគូប បានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហើយគេបានយកវត្ថុតាងខាងលើនេះ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជាបណ្ដោះអាសន្នផងដែរ និងកំពុងកសាងសំណុំរឿងពាក់ព័ន្ធនឹងម្ចាស់លំនៅដ្ឋានដែលគេរកឃើញឈើខាងលើ បញ្ជូនមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ចាត់ការបន្ត៕