រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងកិច្ចប្រជុំសភានាព្រឹកនេះសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រឿងដោះលែង ឬមិនដោះលែងទណ្ឌិតដែលជាមន្ត្រីសិទ្ធិមនុស្ស និង គ.ជ.ប រួមទាំងសកម្មជនគាំទ្រ CNRP គឺជាបញ្ហារបស់បក្សប្រឆាំងមិនមែនមកពីគណបក្សប្រជាជន ឬសម្តេចនោះទេ។
សម្តេចនាយកមន្ត្រីបន្ថែមថា សម្តេចបាននិយាយជាមួយលោក កឹម សុខា រួចហើយថា រឿងអ្នកទាំងអស់នោះ គឺត្រូវរង់ចាំសាលក្រមចូលជាស្ថាពរសិន ចាំយើងពិនិត្យមើលថា តើអ្នកណាខ្លះដែលត្រូវស្នើសុំលើកលែងទោស ។ ប៉ុន្តែខាងបក្សប្រឆាំងបានលើកយកបញ្ហានេះមកស្នើក្នុងបៀបវារៈ ក្នុងការជួបពិភាក្សាជាមួយ CPP ( វប្បធម៌សន្ទនា ) ដើម្បីរារាំងឬជាចេតនាទម្លាក់កំហុសមកលើបក្សប្រជាជន ។ ប៉ុន្តែសូមអ្នកទាំងនោះត្រូវដឹងថា តើគណបក្សប្រឆាំងកំពុងធ្វើអ្វី? ។
សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដោយឡែករឿងអ្នកទោសដែលជាប់ពាក់ព័ន្ធនិងចលនាកុបកម្មរួមទាំងលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន មិនអាចលើកលែងបានទេ ព្រោះវាជារឿងធំហើយធ្ងន់ធ្ងរណាស់ ។ សម្តេចបន្តថា បញ្ហានោះបើកុំតែចាប់ខ្លួនអ្នកទាំងពីរនោះទាន់កុំអីរឿងរ៉ាវមិនដឹងជារីកធំដល់ណាទៀតទេ ។ ដូច្នេះមិនអាចលើកលែងឲ្យអ្នកទាំងពីរនោះបានឡើយ៕