រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងកិច្ចប្រជុំសភានៅព្រឹកថ្ងៃទី៣១ ខែមករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសឲ្យត្រៀមលក់ទ្រព្យសម្បត្តិដែលមាននៅកម្ពុជា ដើម្បីយកមកសងជំងឺចិត្តដែលសម្តេចបានប្តឹងទាមទារសំណង១លានដុល្លារពីបទបរិហាកេរ្តិ៍។
សម្តេចបានថ្លែងដូច្នេះ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយជាសារធាណៈថា លោកមិនខ្លាចគេប្តឹងទេ ហើយលោកចង់ឲ្យគេប្តឹងច្រើនជាងនេះទៀត ហើយប្តឹងច្រើនពេលណាវាល្អពេលនោះ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ករណីបណ្តឹងរបស់សម្តេចប្តឹងលោក សម រង្ស៊ី នោះគឺមិនធ្វើលេងៗ ទេ តែធ្វើមែនទែន ប្តឹងយក១លានដុល្លារឲ្យបាន ហើយលោក សម រង្ស៊ី ត្រៀមលក់ទ្រព្យសម្បត្តិឲ្យហើយទៅ ព្រោះបណ្តឹងរបស់សម្តេចមិនដកថយនោះទេ ។សម្តេចលើកឡើងថា សម្តេចឮថា ទីស្នាក់ការគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ ដាក់ឈ្មោះលោក សម រង្ស៊ី រួមទាំងដីធ្លីជាច្រើនកន្លែងទៀតក៏មានឈ្មោះ សម រង្ស៊ី ដែរ ដូច្នេះមិនលំបាកទេឲ្យតែសាលក្រមចូលស្ថាពរ គឺអាចរិបអូសបានហើយ។
សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមថា លុយដែលសម្តេចឈ្នះក្តីលើលោក សម រង្ស៊ី ប្រមាណ១លានដុល្លារនោះសម្តេចនិងយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់៕