លោក ស៊ុន ឆ័យ ៖ ការធ្វើ​វិសោធនកម្ម​មាត្រា​៤៨​មិន​រំខាន​ដល់​ការងារ​បក្សប្រឆាំង​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក ស៊ុន ឆ័យ បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន កាលពី​ព្រឹក​មិញ​នេះ​ថា ការធ្វើ​វិសោធនកម្ម​មាត្រា​៤៨​ថ្មី ( បី ) មិន​រំខាន​ដល់​សកម្មភាព​ការងារ​របស់​គណបក្ស​ប្រឆាំង​ទេ បើទោះជា​វិសោធនកម្ម​នោះបាន​លុបចោល​នូវ​តួនាទី​និង​មិន​ផ្ដល់​ឲ្យ​នូវ​កន្លែងធ្វើការ និង​មធ្យោបាយ​ធ្វើដំណើរ​ដល់​តំណាងរាស្ដ្រ​មតិ​ភាគ​តិចក្ដី​។​
​ប្រតិកម្ម​នោះបាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៧​រូប​បានអនុម័ត​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​ពី​ប្រការ​៤៨​ថ្មី (​បី​) ឲ្យ​ទៅជា​ប្រការ​៤៨​ថ្មី (​បួន​) ដោយ​លុបចោល​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច​។​
​លោក សុន ឆ័យ បាន​ថ្លែង​បញ្ជាក់ថា ការធ្វើ​វិសោធនកម្ម​ដោយ​ផ្អែកលើ​បញ្ហា​បុគ្គល គឺ​មិនអាច​ទទួលយកបាន​នោះឡើយ ។ លោក​បន្តថា មូល​ហេតុដែល​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ព្រឹក​នេះ​មិនមែន​ធ្វើពហិកា​នោះទេ ប៉ុន្តែ​ពួកលោក​មិន​ចង់​ក្លាយជា​ចំណែក​នៃ​ការសម្រេចចិត្ត​ដែល​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ និង​ជាតិ​។​
​លោក ស៊ុន ឆ័យ បញ្ជាក់​បន្ថែមថា ការមិន​ចូលរួម​ប្រជុំ​សភា មិនមែនជា​ការធ្វើ​ពហិកា​រ​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ហើយ​បញ្ជាក់​ជំហរ​របស់ខ្លួន​ច្រើនដង​ហើយ​ថា តំណាងរាស្ដ្រ​របស់​យើង ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​។ ដូច្នេះ​រាល់​កិច្ចប្រជុំ​រដ្ឋសភា បើ​យើង​យល់ឃើញថា​កិច្ចប្រជុំ​ណា ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ផលប្រយោជន៍​ជាតិ យើង​មិនអាច​ចូលរួម​ទេ​៕

ScreenShot825