ដោយ៖សុវណ្ណវឌ្ឍនៈ
ខេត្តកំពង់ស្ពឺះមនុស្សប្រុសស្រីចំនួន៦នាក់ដែលជាជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តក្រោយពីក្រុមជនដៃដល់ខាងលើបានព្រួតគ្នាប្រើអំពើហិង្សាទៅលើជនរងគ្រោះបណ្តាលអោយរបួសដួលសន្លប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺដែលលោកតែងតែគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋដែលទទួលរងនូវភាពអយុត្តិធម៌និងជាពិសេសដោយមើលឃើញពីភាពកំសោយ និងភាពអសកម្មរបស់លោកវ៉ាងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះលោកអភិបាលខេត្តបានបញ្ជាអោយរូបលោកជាស្នងការខេត្តចាត់អោយមន្ត្រីនគរបាលស្រុកគងពិសីអោយឃាត់ខ្លួនក្រុមជនបង្កទាំង៦នាក់មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកផងដែលថាកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧កន្លងទៅក្រុមជនសង្ស័យដៃដល់បានយកដែក និងដំបងគប់មកលើជនរងគ្រោះបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរហូតដល់រាជធានីភ្នំពេញមិនទាន់ដឹងខ្លួននៅឡើយ គ្រាន់តែរឿងចាក់ធុងបាស់ឮៗក៏ទាស់ពាក្យសម្តីគ្នា ហើយពេលក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យប្តឹង នគរបាលធ្វើមិនដឹង។
អ្នកស្រី នូ មុំ អាយុ៤២ឆ្នាំ មុខរបរជាមេផ្ទះរស់នៅក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាប្រពន្ធជនរងគ្រោះឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ ដែលរងរបួសសម្រាកនៅមន្ទីរពេទ្យនោះបានរៀបរាប់ថា នៅមុនពេលកើតហេតុនោះគឺក្រុមគ្រួសាររបស់អ្នកស្រីបានបង្កើតកម្មវិធីហូបចុកនៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់អ្នកស្រីបានរៀបចំចាក់ធុងបាស់ច្រៀងរាំលេងសប្បាយកំដររដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដោយការហូបចុកនោះអូសបន្លាយរហូតដល់ពេលព្រលប់ពេលនោះក៏ស្រាប់តែមានការទាស់ពាក្យសម្តីពីសំណាក់ផ្ទះអ្នកជិតខាងដែលគេបានរៀបចំកម្មវិធីបង្កក់កូនដែរ រហូតវាយតប់គ្នាមួយសន្ទុះក៏ស្ងប់ទៅវិញ។
អ្នកស្រីបន្តថា បន្ទាប់ពីទាស់ទែងគ្នាម្តងរួចមកហើយនោះក៏វិលមកហូបចុកធម្មតាវិញរហូតដល់ម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ស្រាប់តែក្រុមជនដៃដល់មានគ្នាជាច្រើនបានសម្រុកយកដែក ដំបង និងដុំថ្មគប់សំដៅចូលមកក្នុងបរិវេណផ្ទះរបស់អ្នកស្រីបណ្តាលឲ្យប្តីរបស់អ្នកស្រីបានរងរបួសបែកក្បាលដួលសន្លប់រហូតដល់មានការភ្ញាក់ផ្អើល ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញនៅមិនទាន់ដឹងខ្លួននៅឡើយទេ។
ក្រោយពេលកើតហេតុនោះអ្នកស្រីបានទៅហៅនគរបាលម្នាក់ឈ្មោះ វ៉ាង ដែលមានតួនាទីនាយរងប៉ុស្តិ៍នគរបាលឃុំវាលមកជួយអន្តរាគមន៍ដែរ ប៉ុន្តែនាយរងប៉ុស្តិ៍រូបនោះធ្វើមិនដឹង ដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ដោយនាយរងរូបនោះផឹកស៊ីនៅផ្ទះក្រុមជនដៃដល់នោះ។ ប្រភពបន្តថា ក្រុមជនដៃដល់ដែលបានវាយ និងគប់បណ្តាលឲ្យប្តីរបស់អ្នកស្រីរងរបួសនោះត្រូវបានស្គាល់ឈ្មោះទី១ រតនា ទី២ ណូ ទី៣ រីន ទី៤ ដែត ទី៥ មុយ ទី៦ សិដ្ឋិនិងបក្ខពួកជាច្រើនទៀតមិនបានស្គាល់ឈ្មោះ ក្រោយបង្កហេតុរួចហើយក្រុមជនដៃដល់មិនបានរត់ទៅណានោះទេ ហើយនគរបាលក៏មិនបានចាប់ខ្លួនពួកគេនោះដែរមិនដឹងថាមកពីមូល ហេតុ អ្វីនោះទេ៕