​អ៊ីរ៉ង់​ព្រមាន​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

អ៊ីរ៉ង់​៖​ជាការ​ឆ្លើយតប​ទៅនឹង​បទបញ្ជា​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ហាមឃាត់​ជា​បណ្ដោះអាសន្ន​សម្រាប់​ជនភៀសខ្លួន និង​ប្រជាជន​មកពី​បណ្ដា​ប្រទេស​អ្នក​កាន់សាសនា​អ៊ីស្លាម​ចូលក្នុង​ទឹកដី​អាមេរិក រដ្ឋាភិបាល​អ៊ីរ៉ង់​ព្រមាន​ថា​នឹង​បញ្ឈប់​ការផ្ដល់​ទិដ្ឋាការ​ចូលក្នុង​ប្រទេស​អ៊ីរ៉ង់ ដល់​ប្រជាជន​អាមេរិក​។ នេះ​បើ​យោង​សារព័ត៌មាន Sputnik​។​
ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​សមា​ភាគី​បារាំង រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif លើកឡើងថា ជាការ​ឆ្លើយតប​នឹង​ការសម្រេចចិត្ត​ពី​សំណាក់​លោក ត្រាំ យើង​នឹងមិន​ផ្ដល់​ទិដ្ឋាការ ឬ​វី​សា (Visa) ដល់​ប្រជាជន​អាមេរិក ដែល​ចង់​ធ្វើដំណើរ​មកកាន់​ប្រទេស​អ៊ីរ៉ង់ នោះទេ​»​។​
​ជាមួយគ្នានេះ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​សហ​រដ្ឋ​អាមេរិក ដូចជា អង់គ្លេស បារាំង កាណាដា ហ្វាំ​ង​ឡង់ និង​អ៊ី​ស្លង់​ជាដើម បាន​រិះគន់ ក៏ដូចជា​បង្ហាញ​ផងដែរ ពី​គោលជំហរ​មិនអាច​ទទួលយកបាន​ចំពោះ​ការសម្រេចចិត្ត​របស់ លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។​
​គួរ​បញ្ជាក់ថា យោងតាម​បទបញ្ជា​ប្រធានាធិបតី ចុះ​ហត្ថា​លេខា​ដោយ​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ប្រទេស​ចំនួន​០៧ ដែលមាន​អ្នក​កាន់សាសនា​អ៊ីស្លាម ភាគច្រើន​ដូចជា អ៊ីរ៉ង់​, អ៊ីរ៉ាក់​, លី​ប៊ី​, សូ​ម៉ាលី​, ស៊ូដង់​, ស៊ី​រី​, និង​យ៉េ​មែន ត្រូវបាន​ហាម​មិន​ឱ្យចូល​សហរដ្ឋអាមេរិក រយៈពេល​៩០​ថ្ងៃ រីឯ​ជនភៀសខ្លួន​មកពី​បណ្តា ប្រទេស​ជាច្រើន​ទៀត ត្រូវបាន​ហាមឃាត់ រយៈពេល​១២០​ថ្ងៃ និង​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​វិញ គឺ​ត្រូវបាន​ហាមឃាត់ ដោយ​គ្មាន​ពេល​កំណត់​៕

Iran’s Foreign Minister Mohammad Javad Zarif

Iran’s Foreign Minister Mohammad Javad Zarif