រាជធានីភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា មិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។ នេះបើយោងតាមគេហទំព័រ FN។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ យ៉ាងម៉ឺងម៉ត់ និងសង្កត់ធ្ងន់ៗថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»។
សូមជម្រាបថា រដ្ឋមន្ត្រី៣រូប ដែលគណបក្សប្រឆាំងគ្រោងនឹងអញ្ជើញទៅបំភ្លឺរដ្ឋសភា នាពេលខាងមុខនេះរួមមាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងការងារ។
ការប្រកាសខ្លាំងៗ របស់សម្តេចធ្វើឡើង បន្ទាប់ពីលោក ស៊ុន ឆ័យ តំណាងរាស្ត្រ CRNP កាលពីម្សិលមិញ បានថ្លែងនៅក្នុងសន្និសិទកាសែតថា ក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្ត្រី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ៕