រសៀលនេះនឹងមានកិច្ចប្រជុំធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ
រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកមិញនេះថា នៅរសៀលនេះនឹងមានកិច្ចប្រជុំមួយដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
សម្តេចថ្លែងបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយដែលនឹងត្រូវធ្វើវិសោធនកម្មនោះ ត្រូវកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយណាជាទណ្ឌិត ឬមានពិរុទ្ធ គឺមិនអាចឈរឈ្មោះធ្វើជាប្រធានឬអនុប្រធានគណបក្សនយោបាយណាមួយឡើយ។
សម្តេច ហ៊ុន សែន បានបន្ថែមថា ច្បាប់ស្តីពីគណបក្សនយោបាយនោះយកលំនាំតាមច្បាប់នៅក្នុងប្រទេសថៃ ដោយកំណត់គណបក្សនយោបាយណាដែលធ្វើផ្ទុយពីច្បាប់ត្រូវរំលាយចោលតែម្តង ហើយហាមឃាត់សិទ្ធិធ្វើនយោបាយថែមទៀត៕