ភ្នំពេញ៖កម្មការិនីរោងចក្រកាត់ដេរម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោយពេលដែលពួកនាង កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកលឿនដូចហោះជែងយានយន្តនៅខាង មុខក្នុងទិសដៅច្រាស់គ្នាបុកពេញទំហឹង បន្ទាប់មករថយន្តបង្កបានបើករត់គេចទៅបាត់ស្រមោល។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកំណាត់ផ្លូវ៦០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្មការិនីរងគ្រោះខាងលើនោះ អ្នកស្លាប់ឈ្មោះ ប៉ុនមាស សុគន្ធាធារី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្ដាល ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ស៊ិន សុធា អាយុ១៨ឆ្នាំ មុខរបរកម្មការនីដូចគ្នាស្នាក់ជាមួយគ្នា និងត្រូវជាមិត្តភក្ដិនឹងគ្នាផងដែរ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះដែលស្លាប់ មានធុរៈឪពុកមានជម្ងឺត្រូវ វះកាត់នៅមន្ទីរពេទ្យ ហើយនាងបានពឹងឲ្យមិត្តភក្ដិ ជូនទៅរោងចក្រកាត់ដេរអាមេរិកកាំង នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោនោះដែរ ដែលនាងធ្វើការ ដើម្បីសុំច្បាប់ឈប់សម្រាកទៅមើលថែឪពុក ដោយនៅក្នុងខណៈនោះនាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខតាកែវ1F-9493។ ដោយបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពី លិចទៅកើត ជែងយានយន្តនៅខាងមុខ ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល បោកទៅលើថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមិត្តភក្ដិរបស់នាង រងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល មិនត្រូវបានគេស្គាល់ម៉ាកនោះឡើយ បន្ទាប់មកជនរងគ្រោះដែលរបួស ត្រូវបានបញ្ជូនទីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដោយឡែកសាកសព ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕