ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមចោរមួយក្រុមមានគ្នាពី២នាក់ទៅ៣នាក់បានធ្វើសកម្មភាពលួចគាស់ផ្ទះមេបញ្ជាការរងម្នាក់ ខណៈពេលម្ចាស់មិននៅ ចូលយកកាំភ្លើងAK47ស្វ័យបត់ចំហៀង១ដើម និងសម្ភារៈមួយចំនួនគេចខ្លួនទៅដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង៧ និង០០នាទីទៅម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតក្នុងចំំណុចក្រុមទី៥ ភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ករណីលួចគាស់ផ្ទះចូលយកកាំភ្លើងនិងសម្ភារះមួយចំនួនផងនោះ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែលពី២នាក់ទៅ៣នាក់បានធ្វើសកម្មភាពគាស់ផ្ទះ របស់លោក វរះសេនីយ៍ឯក សុខ ស៊ីថា មុខងារមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង បណ្ដាលឲ្យបាត់បង់នូវសម្ភារៈមួយចំនួនដូចខាងក្រោម៖ អាវុធវែងម៉ាកAK47ស្វ័យបត់ចំហៀងចំនួន១ដើម បង់ចំនួន១បង់គ្រាប់ប្រហែល១៥គ្រាប់។ ម៉ូទ័រឈូសឈើចំនួន២គ្រឿង។ ម៉ូទ័រស្វានឈើចំនួន១គ្រឿង ។ ម៉ូទ័រកាត់ឈើចំនួន១គ្រឿង និងម៉ូទ័រដើរភ្លីឈើចំនួន១គ្រឿង។
បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចោរថ្លើមធំគាស់ផ្ទះមេបញ្ជាការរងស្រុកសំឡូតយកកាំភ្លើង១ដើម និងសម្ភារៈមួយចំនួន