បាងកក៖ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតសាកលជាលើកដំបូងដើម្បីស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងអំណាចយោធារបស់ថៃ ដែលត្រូវបានគេរំពឹងទុក ថានឹងធ្វើឡើងនៅក្នុងឆ្នាំនេះនោះ នឹងត្រូវពន្យារពេល ។ នេះបើតាមសារព័ត៌មាន Channel News Asia ។
នេះបើតាមរដ្ឋាភិបាលថៃបានឲ្យដឹងនៅថ្ងៃពុធម្សិលមិញថា ការបោះឆ្នោតនឹងធ្វើឡើងមួយឆ្នាំទៀត បើគិតពីពេលនេះតទៅ។ រដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាច នៅក្នុងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ បានលើកឡើងជាថ្មីម្តងទៀតថា ការបោះឆ្នោតសាកលគួរតែធ្វើឡើង នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយពីការសោយទីវង្គត របស់ព្រះអង្គ Bhumibol Adulyadej កាលពីថ្ងៃទី១៣ ខែតុលា បានធ្វើឲ្យមានការពន្យារពេល ដោយទុករយៈពេលមួយឆ្នាំ ធ្វើការកាន់ទុកចំពោះការសោយទីវង្គតរបស់ព្រះអង្គ។
ទោះបីយ៉ាងណាលោក Wissanu លើកឡើងថា ការកំណត់ពេលវេលានៃការបោះឆ្នោតរបស់រដ្ឋាភិបាលយោធា មិនទាន់បានកំណត់ច្បាស់នៅឡើយនោះទេ ខណៈរដ្ឋធម្មនុញ្ញថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃគម្រោងរបស់រដ្ឋាភិបាលយោធា ដើម្បីស្តាររបបប្រជាធិបតេយ្យ បាននឹងកំពុងធ្វើការកែសម្រួល។ រដ្ឋធម្មនុញ្ញដែលគាំទ្រដោយ យោធា ត្រូវបានអនុម័ត ក្នុងការធ្វើប្រជាមតិកាលពីឆ្នាំមុន៕