រាជធានីភ្នំពេញ៖និស្សិតឆ្នាំទី៣ម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធចាប់រំលោភនារីម្នាក់បានសម្រេច ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលើផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានទូរស័ព្ទរកមិត្តភក្តិឲ្យជួយរកការងារធ្វើឲ្យនាងបានធ្វើ ហើយមិត្តភក្តីនារីរងគ្រោះមិនឲ្យនាងស្នាក់នៅជាមួយទេ ដោយនាំនាងមកសុំស្នាក់នៅបន្ទប់ជួលជាមួយនឹងជនសង្ស័យ២-៣ថ្ងៃទំរាំរកការងារធ្វើបាន។ លុះដល់វេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ជនសង្ស័យ និងនារីរងគ្រោះបាននាំគ្នាហូបបាយ បន្ទាប់ពីហូបបាយរួច ជនសង្ស័យក៏បានបិទទ្វារបន្ទប់ដាក់គន្លឹះ ហើយចាប់នាងផ្តួល ទះកំភ្លៀង និងខ្ទប់មាត់ រួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង។
សមត្ថិកច្ចបានដឹងថា ជនសង្ស័យមានឈ្មោះ ហែល ចិន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើតនៅភូមិប្រាសាទ ឃុំកំប៉េង ស្រុកគិរីវង់ ខេត្តតាកែវ ចំណែកឯនារីរងគ្រោះមានអាយុ២២ឆ្នាំ។
ក្រោយកើតហេតុនារីរងគ្រោះបានប្រាប់បងប្រុស ហើយក៏ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល បន្ទាប់មកសមត្ថកិច្ចក៏ចុះមកឃាត់ខ្លួនជនសង្ស័យតែម្តង៕