រិះគន់​ផ្អើល​ទៀតហើយ រឿង​លោក ឈូក បណ្ឌិត ចេញពី​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដែល​បាញ់​ទៅលើ​កម្មការិនី​៣​នាក់​ឱ្យ​រងរបួស​នោះ បាន​ចាក​ចេញពី​ពន្ធនាគារ​ហើយ កាលពី​ម្សិលមិញ បន្ទាប់ពី​អនុវត្ត​ទោស​រួចរាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​
​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង កាត់ទោស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ ពីបទ​បាញ់ប្រហារ​ទៅលើ​កម្មការិនី​៣​នាក់ ឱ្យ​រងរបួស​ដោយ​អ​ចេតនា​។ តុលាការ​ក៏​តម្រូវ​ឲ្យ​អតីត​អភិបាលក្រុង​បាវិត​រូបនេះ បង់ប្រាក់​សំណង ទៅ​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​សរុប ៣៨​លាន​រៀល​ផងដែរ​។​
​យ៉ាងណាក៏ដោយ លោក ឈូក បណ្ឌិត បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ របស់​សមត្ថកិច្ច​អស់​ពេល​៣​ឆ្នាំ ហើយ​បានប្រគល់​ខ្លួន​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់មក​សមត្ថកិច្ច​បញ្ជូន​ភ្លាមៗ ទៅកាន់​តុលាការ ។​
​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​អំពី​ករណី​លោក ឈូក​បណ្ឌិត​នេះ ខណដែល​គេ​ថា លោក ឈូក បណ្ឌិត មិនបាន​ជាប់ឃុំ ហើយ​អនុវត្ត​ទោស​ដូច​ករណី​ទណ្ឌិត​ដទៃទៀត​នោះទេ ។ ប៉ុន្តែ​ទណ្ឌិត​រូបនេះ​មានតែ​ឈ្មោះ​នៅក្នុង​គុគ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ដឹក​នឹង​ធ្លាប់​ជួប​លោក ឈូក បណ្ឌិត នៅ​ខាងក្រៅ​ពន្ធនាគារ​ជា​បន្តបន្ទាប់​អំឡុងពេល​នៃ​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះ ៕

fn-2017-02-08-17-12-59-0