លោក ប៉ែន សុវណ្ណ បន្ត​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​លី ស្រី​វី​ណា ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ជំងឺ ស្ទះ​សរសៃឈាម​ខួរក្បាល​ខាងឆ្វេង កំពុង​បន្ត​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ លី ស្រី​វី​ណា ជិត​ផ្សារ​ទួល​ទំពូង ដែលជា​មន្ទីរពេទ្យ​រប​ស់លោក​ស្រី លី ស្រី​វី​ណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក ត្រូវបាន បញ្ជូន​ត្រឡប់​មកពី​ប្រទេស​សិង្ហ​បុរី​វិញ កាលពី​ថ្ងៃ ទី​៥​ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​លោក មុត ចន្ថា មន្ត្រី​ខុទ្ទកាល័យ​របស់ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា​បាន​ឲ្យ​ដឹងថា​ថ្លៃ​ព្យាបាល​ជំងឺ​របស់ លោក ប៉ែន សុវណ្ណ នៅ​មន្ទីរពេទ្យ លី ស្រី​វី​ណា គឺ​គណបក្ស​ជា​អ្នកធានារ៉ាប់រង​។​

​លោក​ថា ក្នុងនោះ​ក៏មាន​ជំនួយ​សប្បុរសធម៌ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ ហើយ​ក៏មាន​ប្រាក់ បដិភាគ​មួយចំនួន​តូច​ពីស​ភា​។​

បើតាម​លោក មុត ចន្ថា រហូតមកដល់​ពេលនេះ ស្ថានភាព​សុខភាព របស់លោក ប៉ែន សុវណ្ណ មាន​ភាពប្រសើរឡើង ពោល​គឺអាច​ស្ដាប់​បាន និង​ស្គាល់ ប៉ុន្តែ​នៅ​មិនទាន់​និយាយ​បានទេ​។ ចំណែកឯ​អវៈយវៈ​ផ្សេងទៀត​រួមមាន បេះដូង ថ្លើម និង សួត ដំណើរការ​ជាធម្មតា​។​

លោក​បញ្ជាក់ថា លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ខាងឆ្វេង​។ អំឡុងពេល​លោក ប៉ែន សុវណ្ណ សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហ​បុរី បាន​ចំណាយ​ថវិកា ប្រមាណ ជិត​១០ ម៉ឺន​ដុល្លារ​អាមេរិក​៕

mek30