ចាប់បាន​បក្សពួក​ក្រុម​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2017 ក+ ក-

​កំពង់ចាម​៖​ក្រុមចោរប្លន់​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​លក់​មាស នៅក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម យក​អស់​ជិត​២​ម៉ឺន​ដុល្លារ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់បាន​ហើយ នៅ​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។​
​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។ យ៉ាងណាក៏ដោយ​នៅពេលនេះ​កម្លាំង​នគរបាល​កំពុង​តាម​ចាប់​បក្ខពួក​មួយចំនួន​ទៀត​។​
​សូមបញ្ជាក់ថា ករណី​ប្លន់​អាជីវករ​លក់​មាស នៅជាប់​ផ្សារ​ធំថ្មី ខេត្តកំពង់ចាម យីហោ «​សុខ លក្ខិណា​» ក្រុមចោរ​យក​ទឹកប្រាក់​អស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹងថា សម្ភារៈ​ដែល​បាត់បង់​រួច​មាន ទូរស័ព្ទដៃ​៤​គ្រឿង​, លុយ​ខ្មែរ​ប្រហែល​៤​លាន​រៀល​, លុយ​ដុល្លារ ប្រហែល​៣​ពាន់​ដុល្លារ​, លុយ​បាត ប្រហែល​១០​ម៉ឺន​បាត និង​គ្រឿងមាស ផ្លាក​ទីន មានតម្លៃ​ប្រហែល​១​ម៉ឺន​ដុល្លារ​។​
​សូមបញ្ជាក់ថា ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «​សុខ លក្ខិណា​» នៅ​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិ​ច​នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​
​សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ប្រមូល​យកលុយ និង​គ្រឿងអលង្កា​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​
​មន្ដ្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​ពិតជា​កើតមាន​ប្រាកដ​មែន ហើយ​ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់ ដោយ​២​នាក់ ចូលធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ នៅពេល​គាត់​យក​មាស​ទៅ​លក់ និង​២​នាក់​ទៀត​រង់ចាំ​នៅក្រៅ​៕

16683059_1831655907072971_1413837458_n16683463_1831655910406304_1915608021_n 16684804_1831655897072972_180642405_n16650287_1831655900406305_1581962927_n copy