ដោយ៖បញ្ញា
ភ្នំពេញ៖កម្មករកម្មការិនីជាង៤០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ យីហោ ជុន ចៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលដល់ថ្ងៃបើកប្រាក់ឈ្នួល ស្រាប់តែថៅកែវេចបង្វិចរត់ចោលបាត់ស្រមោល ហើយកម្មករទាំងអស់នោះ មានការជ្រួលច្របល់និងហួស ចិត្តគ្រប់ៗគ្នា ទើបនាំគ្នាតវ៉ាដើម្បីទាមទារឲ្យមានការបើកប្រាក់ខែឈ្នួលចុងក្រោយនេះ។
កម្មករបាននិយាយថា រោងចក្រកាត់ដេរខាងលើនោះ បានដំណើរការយូរមកហើយ មិនដែលមានសញ្ញា ណាមួយថានិងត្រូវក្ស័យធននោះឡើយ ឬត្រូវបិទទ្វារនោះឡើយ គឺបានដំណើរការរហូត ហើយចុងក្រោយនេះគឺ ត្រូវបើកប្រាក់ ឈ្នួលនៅក្នុងថ្ងៃសុក្រទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលក្នុងកម្មករម្នាក់ៗ ត្រូវទទួលបានចាប់ពី ២០០រយដុល្លារឡើងទៅ។ ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវបើកប្រាក់ខែ ស្រាប់តែបាត់មិនឃើញថៅកែ ហើយបន្ទាប់ មកពួកគេបានទទួលដំណឹងថា ថៅកែបានរត់ចោលកម្មករបាត់អស់ហើយ ទើបកម្មករម្នាក់ៗមានការជ្រួល ច្របល់និងហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ឡើយ។
កម្មករបាននិយាយថា ក្រោយពេលថៅកែរត់បាត់ ពួកគេមិនអាចរកអ្នកទទួលខុសត្រូវបាននោះឡើយ តែលតោលដូចជាខ្លែងដាច់ខ្សែ ម្យ៉ាងទៀតគ្មានប្រាក់សម្រាប់ទូទាត់ថ្លៃ ជួលផ្ទះស្នាក់នៅ ការចំណាយក្នុងការ ធ្វើដំណើរទៅមក និងការហូបចុកព្រមទាំងចំណាយផ្សេងៗទៀតឡើយ។ដោយសារតែបែបនេះ ទើបពេលនេះ ពួកគេបានប្រមូលផ្ដុំគ្នា ធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទាររកអ្នកទទួលខុសត្រូវ បើកប្រាក់ខែ ដល់ពួកគេទាំអស់គ្នា ដែលកំពុងជួបការលំបាកនាពេលនេះ៕