រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះអនុរក្សពន្ធនាគារព្រៃស (ម២) បាននាំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះ។ រីឯជនជាប់ចោទ៣នាក់ទៀត ដែលស្ថិតនៅក្រៅឃុំក៏មានវត្តមានក្នុងសវនាការដែរ។
សវនាការនេះដឹកនាំដោយលោក ញូង ធុល អនុប្រធានសាលាឧទ្ធរណ៍ និង លោក ស យសថាវរៈ ជាតំណាងមហាអយ្យការ។
គួររំលឹកថា ស្ត្រីបឹងកក់៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មានការពិន័យជាប្រាក់នោះទេ។ លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បទល្មើសប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលករណីនេះ សាលារាជធានីភ្នំពេញ ជាដើមបណ្ដឹង៕