រាជធានីភ្នំពេញ៖ករណីឃាតកម្មលើស្ត្រីខ្មែរ ២នាក់ ដែលត្រូវបានឃាតក ចាក់សម្លាប់នៅក្នុងទឹកដីថៃ កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មកពីបញ្ហាសេហាត្រីកោណ ហើយឃាតករមានជម្ងឺ សសៃរប្រសាទផងដែរ។
យោងតាមគេហទំព័រ នគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា សពស្ត្រីទាំងពីរនាក់ ត្រូវបានបញ្ជូនមកដល់ទឹកដីស្រុកកំរៀងហើយ ក្នុងនោះ ទី១. ឈ្មោះ ហ៊ូ ស្រីម៉ៅ ភេទស្រី អាយុ២១ឆ្នាំ និងទី២. ឈ្មោះ ង៉ែត ធា ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើត នៅភូមិដូនកែវ សង្កាត់ដូនកែវ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនសង្ស័យ ឈ្មោះ សាន់ ត្រឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកកំណើតជាមួយគ្នា។ ករណីនេះបណ្តាលមកពីស្នេហាត្រីកោណ និងជនសង្ស័យ មានជំងឺសសៃប្រាសាទ។
សូមបញ្ជាក់ថា មានករណីឃាតកម្ម ដោយឃាតក បានយកកាំបិតចុងស្រួច ចាក់ទៅលើស្ត្រីជាជនខ្មែរចំនួន ២នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ករណីឃាតកម្មនេះបាន កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ត្រង់ចំណុចក្បែរស្ថានីយ៍ តម្រួតការពារព្រំដែលេខ១១៥ ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់នឹងមុខស្រុកកំរៀង ខេត្តបាត់ដំបង៕