ចាប់​ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​ឃាតកម្ម​លោក គីម ជុង​ណាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2017 ក+ ក-

​ម៉ាឡេស៊ី​៖​ជនសង្ស័យ​ម្នាក់ទៀត​មាន​វ័យ​៤៧​ឆ្នាំ​ត្រូវបាន​កម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​នៅក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ពាក់ព័ន្ធ​រឿង​ឃាតកម្ម​លើ​លោក គីម ជុង​ណាំ បងប្រុស​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ម៉ាឡេស៊ី​។​
​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ខាងលើ​មាន​លិខិតឆ្លងដែន​របស់​ប្រទេស​កូរ៉េខាងជើង ហើយ​ទំនងជា​បុគ្គល​ម្នាក់​ក្នុងចំណោម​បុរស​ជាប់​សង្ស័យ​បួន​នាក់ ដែល​ត្រូវគេ​ជឿថា ជា​អ្នកបញ្ជា​ឲ្យ​ជនសង្ស័យ​ជា​ស្ត្រី​ពីរ​ផ្សេងទៀត​ឲ្យ​ទៅធ្វើ​ឃាត​លោក គីម ជុង​ណាំ នៅឯ​អាកាសយានដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។
​ទោះជា​យ៉ាងណា​ប៉ូលិស​ម៉ាឡេស៊ី​មិនទាន់បាន​ចេញមុខ​អះអាង​ឲ្យ​បានដឹង​ច្បាស់​នៅឡើយ​នោះទេ ហើយ​សារព័ត៌មាន​ដដែល​នេះ​បានលើកឡើង​ទៀត ថា​ជន​រូបនេះ​មាន​ប្រវត្តិ​ធ្លាប់បាន​ធ្វើដំណើរ​មកកាន់​ម៉ាឡេស៊ី​ជាច្រើនលើក​ផងដែរ​៕

fn-2017-02-18-09-33-17-0