កូរ៉េខាងជើង​នឹង​ប្ដឹងទៅ​តុលាការអន្តរជាតិ បើ​ម៉ាឡេស៊ី​​មិនប្រគល់​សព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2017 ក+ ក-

គូ​ឡា​ឡាំ​ពួរ​៖​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​លោក Kang Chol កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​ព្រមាន​ប្តឹងទៅ​តុលាការអន្តរជាតិ បើសិន​អាជ្ញាធរ​ម៉ាឡេស៊ី​នៅតែ​មិន​ព្រម​ប្រគល់​សាកសព លោក គីម ជុង​ណាំ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia​។​
​ជាមួយគ្នា​នោះ​លោក Kang Chol បាន​ចោទប្រកាន់​ម៉ាឡេស៊ី​ថា បាន​លួច​បិទបាំង​អ្វី​ម្យ៉ាង ពី​ព្រោះតែ​ការបដិសេធ​មិន​ព្រម​ប្រគល់​សាកសព​លោក គីម ជុង​ណាំ ទៅ​ឲ្យ​ស្ថានទូត​កូរ៉េខាងជើង ហើយ​លោក Kang បាន​និយាយថា ម៉ាឡេស៊ី​កំពុង​រៀប​គំរោង​អាក្រក់​ដើម្បី​បង្ក​ការគំរាមកំហែង​ដល់​កូរ៉េខាងជើង​។​
​ឆ្លើយតប​ទៅនឹង​ការព្រមាន​ខាងលើនេះ​មេបញ្ជាការ​ប៉ូលិស​ម៉ាឡេស៊ី​លោក Khalid ថា «​ពួកយើង​មានច្បាប់​ច្បាស់លាស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​នៅពេលដែល​ស្ថិតនៅក្នុង​ម៉ាឡេស៊ី មនុស្ស​រាល់គ្នា​ត្រូវតែ​គោរព​និង​ប្រតិបត្តិ​តាម​ក្បួនច្បាប់​និង​វិន័យ​ទាំងអស់នោះ​… ហើយ​ក្នុងចំណោម​នោះ​ក៏​រាប់បញ្ចូល​ទាំង​ប្រទេស​កូរ៉េខាងជើង​»​។​
​គួរ​បញ្ជាក់ថា អាជ្ញាធរ​ម៉ាឡេស៊ី​បានទាមទារ​ពិន​ត្យ DNA សមាជិក​នៃ​ក្រុមគ្រួសារ​លោក គីម ជាមុនសិន និង​ធ្វើការ​ស៊ើបអង្កេត​នៃ​សំណុំរឿង​ឃាតកម្ម​នេះ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់ មុននឹង​ប្រគល់​សព​ឲ្យ​ទៅ​រដ្ឋអំណាច​ទីក្រុង​ព្យុងយ៉ាង​៕

1