រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ក្រុមប្រតិបត្តិការចម្រុះបានចុះត្រួតពិនិត្យគោលដៅ ទិញ-លក់អេតចាយ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីពិនិត្យមើលលើឯកសាររស់នៅ និងធ្វើការរបស់ជនបរទេស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា កម្លាំងបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួននាក់៥១ ក្នុងនោះមានស្រីចំនួន១៤នាក់ ប៉ុន្តែមានឯកសារស្នាក់នៅ ត្រឹមត្រូវចំនួន៣៦នាក់ ស្រី១០នាក់។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា សម្រាប់អ្នកគ្មានឯកសារត្រឹមត្រូវចំនួន១៥នាក់ មានស្រី ០៤នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។ ក្រោយការសួរនាំ ជនជាតិវៀតណាមចំនួន១៥នាក់ ស្រី០៤ នាក់ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងដោយកម្លាំងចម្រុះ រួមមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអធិការដ្ឋានខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕