រាជធានីភ្នំពេញ៖លោក យុង ផានិត ត្រូវបានគណៈមេធាវីតែងតាំងឲ្យធ្វើជាមេធាវីការពារក្តីឲ្យលោក ជួប សម្លាប់ ដែលជាជនសង្ស័យបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោកាលពីឆ្នាំ២០១៦ កន្លងទៅ ។
លោក យុង ផានិត ធ្លាប់បានបំពេញការងារជាមេធាវី និងបានការពារក្ដីក្នុងរឿងឧក្រិដ្ឋកម្ម ព្រហ្មទណ្ឌមួយចំនួនហើយលោកបានធ្វើការចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ជាពិសេសលោកក៏ធ្លាប់បានធ្វើជាមេធាវីការពារក្តី និងជាមេធាវីនៅសាលាក្តីខ្មែរក្រហមសម្រាប់ភាគីស៊ីវិលផងដែរ។
លោក យុង ផានិត បានប្រាប់កាសែតក្នុងស្រុកថា ប្រសិនបើករណីនេះវាមានភាពស្មុគស្មាញខ្លាំងលោកត្រូវការពេលវេលាដើម្បីសិក្សាឲ្យបានច្បាស់លាស់រឿងក្តីនេះបន្ថែម ។ លោកបន្តថា ចំពោះករណីនេះ លោកអាចនឹងជួបពិភាក្សាជាមួយកូនក្តីដើម្បីស្នើសុំឱ្យតុលាការពន្យារពេលបើកសវនាការដើម្បីឲ្យលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាអំពីសំណុំរឿងនេះឲ្យបានច្បាស់ហើយលោកថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីការពារកូនក្តីលោក។
ទាក់ទងរឿងក្តីខាងលើនេះ យ៉ាងហោចណាស់ក៏មានមន្ត្រី CNRP ម្នាក់និងអ្នកវិភាគនយោបាយម្នាក់បានគេចខ្លួន និងចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែបាននិយាយចោទប្រកាន់ទៅលើបក្សកាន់អំណាចថា បានរៀបចំគម្រោងសម្លាប់លោក កែម ឡី ៕