រាជធានីភ្នំពេញ៖ទីបំផុតសាកសពស្ត្រីម្នាក់ ដែលត្រូវឃាតករច្របាច់កសម្លាប់ ហើយត្រូវបានបុរសអ្នកដក ក្រឳឈូកហើយប្រទះឃើញនៅក្នុងបឹងនោះ នៅពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណដដែល បន្ទាប់ពីមាន បុរសម្នាក់ ឈ្មោះ រឿន រ៉ុម អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅក្នុងភូមិត្លុកដូនស ឃុំស្រង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន មានអាស័យដ្ឋាន នៅក្នុងភូមិពពាយ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។ដោយ បានអះអាងថា ប្រាប់នគរបាលថា ស្ត្រីឈ្មោះ ប៊ុត សុខលៀង ហៅ ស្រីមុំ មិនមែនជាសាកសព ដូចដែល សាក្សីបំភ្លឺប្រាប់នគរបាលនោះឡើយ នាងគឺជាអ្នកផ្សេងដែលពេលនេះ នាងកំពុងនៅរស់ទេ ហើយក៏កំពុង នៅឯស្រុកកំណើត នៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យ៉ាងសុខសាន្ដទៀតផង។ ដោយឡែកសាកសពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។
ការធ្វើដំណើរទៅប៉ុស្តិ៍នគរបាលអះអាងថានេះបន្ទាប់ពីមានគេអះអាងថា សពស្ត្រីម្នាក់ដែលត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបឹងមួយកន្លែងដែលមានទីតាំងស្ថិតនៅជិតស្ពានទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេអះអាងថា ជាស្ត្រីឈ្មោះ ប៊ុត សុខលៀង ហៅ ស្រីមុំ។
គួររម្លឹកថា សាកសពស្ត្រីម្នាក់ត្រូវបានបុរសអ្នកដកក្រអៅឈូកម្នាក់បានប្រទះឃើញក៏បង្កឲ្យមាន ការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងខណៈដែលបុរសម្នាក់នោះចុះទៅដកក្រអៅឈូកនៅក្នុងបឹងមួយកន្លែង ដែលមានឈូក និងស្មៅកក់ដុះយ៉ាងទ្រុប ហើយសពនោះទើបស្លាប់ប្រហែល២ថ្ងៃប៉ុណ្ណោះ ។ តាមការធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេស នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នាងត្រូវបានឃាតករ ធ្វើសកម្មភាពច្របាច់កសម្លាប់ ។
សូមបញ្ជាក់ថា រហូតមកទល់ពេល សពស្ត្រីខាងលើនៅតែមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ ប៉ុន្តែទោះជាយ៉ាងណា នគរបាលមូលដ្ឋាន និងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកសាកសពទៅកាន់ឈាបនដ្ឋានវត្តអង្គតាមិញ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ ។ជាលទ្ធផលពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករច្របាច់កសម្លាប់ ហើយសាកសពនាងត្រូវបាន បូជានៅក្នុងឈាបនដ្ឋានវត្តគោកចំបក់ នាវេលាល្ងាចថ្ងៃទី១៩ ខែកុម្ភៈដដែលនោះ ព្រោះតែមិនអាចទុកយូរ បានដោយសពមានធំក្លិនស្អុយទៅហើយ៕