ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌនិងកម្លាំងនគរបាលអន្តរាគមន៏ របស់ខណ្ឌពោធិ៍សែនជ័យ បានសហ ការណ៏ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានធ្វើការឡោមព័ទ្ធចាប់មេក្លោង ចោរប្លន់ម្នាក់ដែលតែងតែ ធ្វើសកម្មភាពវាយនិងកាប់ប្លន់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលជាអ្នកដំណើរ ឬអ្នកដែលចូលចិត្តទៅ អង្គុយលេងកន្លែងស្ងាត់ ហើយនៅក្នុងការឡោមព័ទ្ធនោះ នគរបាលបានផ្ទុះអាបុធជាច្រើនគ្រាប់ ទើបចាប់ បានម្នាក់ដែលជាមេខ្លោង ចំណែកបក្សពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចដីវាល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោះ ប៊ុត ធីឌុល អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងបក្សពួកនោះ បានធ្វើសកម្មភាពវាយនិងកាប់ប្លន់យកទ្រព្យ ស្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងភូមិសាស្ត្រខណ្ឌមួយចំនួនទៀត នៅជាប់នោះ ហើយជាក់ស្ដែងកាលពីកន្លះខែមុនបានធ្វើសកម្មភាព កាប់ប្លន់ យកបានខ្សែមាស១តម្លឹង និងទូរស័ព្ទដៃ១គ្រឿងនៅក្នុង ពីបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ ខណៈពេលដែលជនរងគ្រោះទាំង ពីរនាក់ប្ដីប្រពន្ធនោះ កំពុងអង្គុយលេងនៅចំណុចដីវាល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលយប់នោះ។
ប៉ុន្តែក្រោយមកកម្លាំងនគរបាល បានចាប់ខ្លួនបក្សពួកបាន២នាក់ ក្នុងនោះ ១,ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ២, ឈ្មោះ អន វណ្ណ: អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជាមួយគ្នាមានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់មកបាននាំទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការរួចរាល់ហើយដែរ។ រហូតមកទល់ពេលនេះទើបចាប់បានមេខ្លោងខាងលើ ប៉ុន្តែទំរាំតែចាប់បាន នគរបាលបានផ្ទុះអាវុធគំរាមជា ច្រើនគ្រាប់ទើបចាប់បាន ពេលនេះបាននាំទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕