ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ខណៈពេលកំពុងអង្គុយចាំដឹកម៉ូយនៅក្បែរការដ្ឋានសំណង់មួយកន្លែង ស្រាប់តែក្អួតធ្លាក់ឈាមហើយបានដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះមានឈ្មោះ កៅ គន្ធី អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប គាត់ជាបុរសពោះម៉ាយ ដែលប្រពន្ធគាត់បានមានស្នហ៍ថ្មី និងបានចាកចេញពីគាត់អស់រយៈពេលជាង៣ឆ្នាំមកហើយ បុរសនោះ មានទីលំនៅក្បែរចំណុចកើតហេតុខាងលើ។
សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា បុរសរងគ្រោះខាងលើមានជម្ងឺក្រិនថ្លើម ដោយសារតែ គាត់មានវិបត្តិផ្លូវចិត្ត ប្រពន្ធរបស់គាត់មានស្នហ៏ថ្មី ហើយបានចាកចេញពីជីវិតរបស់គាត់ ដែលជាហេតុធ្វើឲ្យ គាត់ខូចចិត្ត បានយកស្រាធ្វើជាត្រីមុខ ដោយមួយថ្ងៃៗគិតតែពីផឹកស្រា មិនសូវហូបបាយឡើយ រហូតធ្វើឲ្យ មានជម្ងឺក្រិនថ្លើម។មិនតែប៉ុណ្ណោះក្រោយពេលដែលប្រពន្ធចាកចោលទៅ បុរសនោះបានស្នាក់នៅជាមួយ ម្ដាយនិងបងប្អូន ហើយបានប្រកបរបររត់ម៉ូតូឌុបទាំងខ្លួនមានជម្ងឺ និងបានសំកុកចាំដឹកម៉ូយ នៅត្រង់ចំណុច កើតហេតុនោះរាល់ថ្ងៃទៀតផង។ ដោយឡែកនៅវេលាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈពេលកំពុង អង្គុយចាំដឹកម៉ូយ គាត់បានហូបភេសជ្ជៈបាកាស អស់១កំប៉ុងហើយមួយសន្ទុះក្រោយមក ក៏ស្រាប់តែក្អួត ធ្លាក់ឈាម រួចក៏បានដួលប្រកាច់ស្លាប់ភ្លាមៗមួយរំពេចតែម្ដង។
ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយពេលកើតហេតុ សាកសពសត្រូវបាន ក្រុមគ្រួសារនាំយកទៅកាន់លំនៅដ្ឋាន និងបានផ្ដល់ព័ត៌មានជូននគរបាល ឲ្យចុះទៅជួយពិនិត្យកោសល្យ វិច័យ រួចធ្វើបុណ្យតាមប្រពៃណី៕