រាជធានីភ្នំពេញ៖បុគ្គលិកសារព័ត៌មានកាសែតរស្មីកម្ពុជា និងទូរទស្សន៍ CNC ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារតែត្រូវរថយន្តចាក់បេតុងកិនបែកក្បាល ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ ស្រូយ នីកា បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥៨ ហ្សេហ្សិត ផ្លូវនរោត្តម ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់កើតឡើងដោយសារតែរថយន្តចាក់បេតុងបើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តចាក់បេតុង ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕