មនុស្ស១៤នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងបុកបង្គោលភ្លើង
ម៉ានីល៖អាជ្ញាធរហ្វីលីពីនបាននិយាយ យ៉ាងហោចណាស់និស្សិតមហាវិទ្យាល័យ១៣នាក់ និងអ្នកបើកបររថយន្តក្រុងម្នាក់បានស្លាប់ ខណៈដែលច្រើននាក់ផ្សេងទៀតរងរបួសនៅពេលរថយន្តក្រុងនោះ បុកទៅនឹងបង្គោលភ្លើង នៅតំបន់ភ្នំមួយ ក្នុងប្រទេសហ្វីលីពីន។ នេះដោយយោងតាម ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរបន្តថា រថយន្តក្រុងនោះបានដឹកនិស្សិតជំទង់ៗជាង ៥០នាក់ និងគ្រូបង្រៀនម្នាក់ ធ្វើដំណើរកម្សាន្ត នៅពេលអ្នកបើកបរបានបាត់បង់ម្ចាស់ការ អំឡុងពេលបើកបរលើផ្លូវតាមចង្កេះភ្នំ នៅតំបន់តាណាយ។
ប៉ូលិសហ្វីលីពីនបាននិយាយថា និស្សិត១០នាក់ បានស្លាប់នៅនឹងកន្លែង ខណៈនិស្សិត ៤នាក់ទៀត ក្នុងនោះមានទាំងអ្នកបើកបរផងដែរ បានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកនិស្សិតជិត ៤០នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ដែលត្រូវការបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យធំ៕