រាជធានីភ្នំពេញ៖ស្ត្រីម្នាក់បាននាំសហាយមកដល់ក្នុងបន្ទប់ តែចៃដន្យត្រូវប្តីមកតាមទាន់ក៏ចាក់សោពីខាងក្រៅបន្ទប់ ហើយរត់ទៅប្តឹងប៉ូលីសឲ្យមកចាប់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់ និងបុរសជាសហាយធ្លាក់ទាក់ទងគ្នាយូរហើយ ហើយគាត់ក៏ព្រមានបុរសជាសហាយនោះឲ្យឈប់ទាក់ទងប្រពន្ធគាត់ តែបុរសនោះមិនស្តាប់ឡើយ។ លុះដល់ថ្ងៃកើតហេតុបុរសជាប្តីបានចេញក្រៅបាត់ ហើយពេលត្រលប់មកវិញក៏លឺសំលេងបុរសជាសហាយនៅក្នុងបន្ទប់ខ្លួន រួចគាត់ក៏បានយកសោរមកចាក់ពីក្រៅ ហើយរត់ទៅប្តឹងប៉ូលីសតែម្តង។
បុរសជាសហាយឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសារភាពថា គាត់បានទាក់ទងស្ត្រីជាប្រពន្ធគេនេះរយៈពេលជិតកន្លះឆ្នាំហើយ ហើយធ្លាប់រួមមេត្រីជាមួយគ្នា២-៣ដងថែមទៀតផង។ បន្ទាប់ពីស្តាប់ការរៀបរាប់ពីបុរសសហាយរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ចូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕