ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ដែលជា អភិបាលរងខណ្ឌបានចុះទៅបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលបើកលេងយូរហើយ ប៉ុន្តែអាជ្ញាធរ ទើបរកឃើញក្នុងពេលថ្មីៗនេះ ហើយត្រូវបានគេដឹងថា ទីតាំងហ្គេមមួយនេះគឺជាសម្បុកលាក់ខ្លួន របស់ក្រុម ចោរឆក់ លួចនិងប្លន់ ព្រមទាំងក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀផងដែរ។ប៉ុន្តែការចុះទៅចាប់នោះ ហាក់ធ្វើឡើងឆក់កណ្ដៀត ខ្លាចអ្នកសារព័ត៌មានដឹងណាស់ ហើយចាប់បានតែ សំបកទូហ្គេមគ្រឿងប៉ុណ្ណោះ ចំណែកឯម្ចាស់ទីតាំងល្មើសច្បាប់ មិនត្រូវបានចាប់ខ្លួននោះទេ គឺទុកឲ្យរួចខ្លួនដើម្បីបើកលេងបន្តទៀត ជាពិសេសទីតាំងដែលនៅសេសសល់មួយចំនួនទៀត មិនហ៊ានបង្ក្រាបឡើយ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០៧ នៅក្នុងសំណង់ផ្ទះ ល្បែងទុកចោលមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបាននិយាយថា សព្វថ្ងៃនេះពួកគាត់បានយល់ថា បទល្មើសទាំងធំនិងតូច ដូចជាការលួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀន ដែលកើតមានឡើង យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ គឺផ្ដើមចេញពីការកើតឡើង នៃបនល្បែងស៊ីសងនានា មានទាំងហ្គេម សង្វៀនជល់មាន់ អាប៉ោង និងបៀរ និងកន្ទុយលេខជាដើម។ខណៈទីតាំងទាំងនោះ មួយចំនួនត្រូវបានអាជ្ញាធរចុះបង្ក្រាប និងមួយចំនួនទៀត ក៏មើលរំលងផងដែរ ដោយឡែកទីតាំងហ្គេមបាញ់ត្រី ដែលត្រូវចុះបង្ក្រាបខាងលើនោះ បានបើកលេងដោយ រលូនយូរមកហើយ នៅក្នុងសំណង់ផ្ទះល្វែងទុកចោលខាងលើនោះ។ដែលបានពង្វក់សិស្សសាលា ឲ្យភ្លេចការរៀនសូត្រ និងគេចសាលា ភ្លេចបាយភ្លេចទឹក ភ្លេចសាលា និងក្បត់ទំនុកចិត្ដឪពុកម្ដាយ អាណាព្យាបាលដោយញៀននឹងល្បែងទាំងនេះ។មិនតែប៉ុណ្ណោះបានបង្កើតឲ្យមានក្រុមបងតូច-បងធំ អ្នកប្រើប្រាស់គ្រឿងញៀន ហើយក៏ជាសម្បុកសម្រាប់ ក្រុមចោរលួច ចោរឆក់និង ចោរប្លន់ ព្រមទាំងអ្នកជួញដូរនិងប្រប្រាសយគ្រឿងញៀនលាក់ខ្លួនផងដែរ។
ប្រភពដដែលបានបន្តថា ទីតាំងហមគេមមួយនេះបានបើក២៤ម៉ោងលើ២៤ ដោយឡែកកន្លែងផ្សេងទៀត ដែលធ្លាប់ត្រូវបានកម្លាំងចុះបង្ក្រាប បានបើកលេងឡើងវិញ ប៉ុន្តែបានប្តូររូបភាពថ្មីក្នុងការចូលលេង ដោយខ្លះ ចាក់សោរទ្វារពីក្រៅ ហើយខ្លះបិទពេលថ្ងៃ បើកលេងពេលយប់ ដោយមានអ្នកចាំមើលផ្លូវ ហើយបើអ្នកស្គាល់ ទើបបើកទ្វារឲ្យចូល ឬក៏ចំហរទ្វារត្រឹមតែបន្តិច ជាសញ្ញាសម្រាប់អ្នកចូលលេងដឹង ព្រមទាំងបិទបាំងមិនឲ្យ ឃើញភ្លើងនោះទេ។មិនតែប៉ុណ្ណោះនៅពេលយប់ជ្រៅ បានបង្កជាសំឡេងឡូរឡា ឈ្លោះប្រកែកគ្នារំខាន អ្នកជិតខាងរកដេកពួនមិនបាន ហើយក៏ឧស្សាហ៍មានទំនាស់ ដេញវាយកាប់គ្នាបង្កអសន្តិសុខគួរឲ្យខ្លាច ថែមទៀតផង។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មានទីតាំងលួចបើក ហ្គេមបាញ់ត្រី ហ្គេមអិនធើណែត ល្បែងភ្នាល់បាល់ កត់កន្ទុយលេខវៀតណាមជ្រកក្រោម ឆ្នោតខ្មែរ និងហ្គេមស៊ីសងជាច្រើន ជាពិសេសផ្លូវវ៉ងស្រេង ផ្លូវ២០០៤ ហើយទីតាំងទាំងនោះមានប្រមាណ រាប់រយកន្លែង មិនដឹងយ៉ាងមិចទើបអាចបើកបានយ៉ាង រលូនដូច្នេះទេ។
រំលឹកថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់សាលារាជធានីភ្នំពេញ បានចេញវិធានការ យ៉ាងម៉ឺងម៉ាត់ដោយបញ្ចប់ សកម្មភាពល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីឲ្យអស់ក្នុងមូលដ្ឋាន និងមិនអោយអាជ្ញាធរណាទៅពាក់ព័ន្ធឬកាងល្បែងស៊ីសងគ្រប់ប្រភេទ និងមានវិធានការតាមផ្លូវច្បាប់៕