ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តរួមនិងសមត្ថកិច្ចចំរុះបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទដែលខុសលក្ខណៈដើមដោយអនុវត្តច្បាប់កាត់ទ្រុងជាក់ស្ដែងជាលើកទី២។
លោក ហេង ប៊ុនលី ប្រធាន ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា ដោយអនុវត្តន៍ទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងផែនការរឹតបន្តឹងច្បាប់លើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទនិងកាត់ទ្រុងជាក់ស្តែងផងនោះនៅព្រឹកថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧នេះលោកបានដឹកនាំកម្លាំងរួមមាន៖កម្លាំងនគរបាលចរាចរណ៍ខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះយុទ្ធនាការជាលើកទី២ក្នុងការត្រួតពិនិត្យយានយន្តខុសបច្ចេកទេស ដូចជា តទ្រុងវែងទៅក្រោយ តទ្រុងខ្ពស់ទៅលើ តទ្រុងរីក ទទឹងនិងរថយន្តតូរីសកង់ឌុបខុសបច្ចេកទេសផ្សេងៗជាដើម។ លោកបន្តថា ការចុះអនុវត្តច្បាប់ថ្ងៃនេះផងដែរបានប្រព្រឹត្តធ្វើឡើងនៅចំណុចគោលដៅលើកំណាត់ផ្លូវវាងក្រុងលេខ៥៧Aស្ថិតក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបន្តទៀតថា ក្នុងការចុះអនុវត្តច្បាប់រយះ១ថ្ងៃពេញមកនេះមន្ត្រីជំនាញបានត្រួតពិនិត្យទៅលើរថយន្តចំនួន១៨០គ្រឿងក្នុងនោះរថយន្តល្មើសខុសលក្ខណះបច្ចេកទេសដើមមានចំនួន១៤គ្រឿងហើយក្នុងចំណោម១៤គ្រឿងមន្ត្រីជំនាញបានធ្វើការកាត់ទ្រុងជាក់ស្តែងចំនួន៦គ្រឿងនិងបានធ្វើការផាកពិន័យចំនួន៨គ្រឿង៕
មន្ត្រីជំនាញចុះកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេសជាលើកទី២