ខេត្តមណ្ឌលគិរី៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអះអាងថា ជនជាតិខ្មែរ៥នាក់ ត្រូវបានអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ខណៈជនជាតិវៀតណាម៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើ និងលួចឆ្លងដែនខុសច្បាប់ នៅខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ធករណីនេះ គឺនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មានកិច្ចប្រតិបត្តិការទ្រុងទ្រាយធំមួយ បង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិកូនក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយចាប់យកវត្ថុតាងឡានរេវចំនួន៨គ្រឿង រណារយន្ត១គ្រឿង និងម៉ូតូ៥គ្រឿង ព្រមទាំងឃាត់ខ្លួនបាន១២នាក់ ក្នុងនោះមានជនជាតិវៀតណាម៧នាក់ ។
លោក អេង ហ៊ី អ្នកនាំពាក្យ PM ថ្លែងថា ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៣គ្រឿង និងដឹកនាំកម្លាំងចូលក្នុងព្រៃប្រមាណ១៣០នាក់ ដោយឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោក អេង ហ៊ី បញ្ជាក់ថា នៅព្រលឹមស្រាងៗ ថ្ងៃទី២១ ខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចូលក្នុងព្រៃជិតព្រំដែនកម្ពុជា-វៀតណាម ចំណុចអូរហ៊ុច បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ជាករណីបទល្មើសជាក់ស្តែង។ ក្នុងនោះ មានជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ។ ចំណែកជនជាតិខ្មែរចំនួន៥នាក់ បានធ្វើការអប់រំ ធ្វើកិច្ចសន្យាអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ៕