បំផ្ទុះ​រថយន្ត​ដ៏​កក្រើក​នៅក្បែរ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​សម្លាប់​មនុស្ស​៦១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​ដា​ម៉ាស​៖​មនុស្ស​៦១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​ជាច្រើន​នាក់​ផ្សេងទៀត​របួស​ក្នុងករណី​បំផ្ទុះ​រថយន្ត​ដ៏​កក្រើក​នៅក្នុង​ភូមិ​មួយកន្លែង​ក្បែរ​ទីក្រុង al-Bab នៃ​ប្រទេស​ស៊ី​រី​កាលពី​ម្សិលមិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ស៊ី​រី​បាន​និយាយថា ហេតុការណ៍​បំផ្ទុះ​រថយន្ត​ខាងលើ​បាន​វាយប្រហារ​ចំ​លើ​កម្លាំង​សន្តិសុខ និង​យោធា​នៅក្នុង​ភូមិ Sousian ដែល​ស្ថិតនៅ​ប្រមាណ ០៨​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង al-Bab របស់​ប្រទេស​ស៊ី​រី និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​៦១​នាក់​ក្នុងនោះ​៥៥​នាក់​ជា​ជន​ស៊ីវិល និង​០៦​នាក់​ជា​ក្រុម​ឧទ្ទាម ខណៈដែល​ជាច្រើន​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​ធ្វើឡើង បន្ទាប់​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ដែល​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​តួ​ក​គី បាន​វាយ​បណ្តេញ​ក្រុម ISIS ចេញពី​ទីក្រុង al-Bab ដែលជា​មូលដ្ឋាន​ឈរជើង​ចុងក្រោយ​របស់​ក្រុម​សកម្មប្រយុទ្ធ​មួយ​នេះ រួមជាមួយ​ក្រុង​តូចៗ​មួយចំនួន​ផ្សេងទៀត​រួមមាន Qabasin និង al-Bezah ជាដើម​នៅក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងទៅ​៕

fn-2017-02-24-16-46-20-0