បន្ទាយមានជ័យ៖ពលករខ្មែរ២រូបបានស្លាប់បាត់បង់ជីវិតភ្លាមៗដោយសារធ្លាក់ពីលើអគារកំពស់៣៩ជាន់ នៅក្នុងប្រទេសថៃ ដែលហេតុការណ៍នេះកើតឡើងកាលពីម្សិលមិញ ស្ថិតនៅទីតាំងខនដូមីនៀម មួយកន្លែងនៅក្នុង ស្រុកបាងយ៉ៃ ខេត្តណុនថៈបុរី ប្រទេសថៃ។
ពលករខ្មែរទាំង២រូបត្រូវបានគេរាយការណ៍ថា មានឈ្មោះ ភឿន ស៊ិន ភេទប្រុស និងម្នាក់ទៀតឈ្មោះ មូល កុសល ភេទប្រុស មានអាយុ២២ឆ្នាំដូចគ្នា ហើយពួកគេទាំង២នាក់ធ្វើការជាជាងឈើនៅទីតាំងកើតហេតុ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងគ្រឿងសង្ការរឹមធ្វើពីឈើ លុះក្រោយមកជនរងគ្រោះក៏បានធ្លាក់ពីលើអាគារនោះស្លាប់ ដោយមិនដឹងមូលហេតុតែម្តង។
ក្រោយកើតហេតុ កំលាំងតម្រួតថៃបានចុះមកធ្វើការពិនិត្យទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការធ្លាក់ ហើយបច្ចុប្បន្នសពពលករទាំងពីរនាក់ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីធ្វើការបញ្ជូនមកកាន់ស្រុកកំណើតរបស់គេវិញ៕