អ៊ីរ៉ាក់​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទឹកដី​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​បា​កដាដ​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ថ្លែងថា កងទ័ពអាកាស​របស់​អ៊ីរ៉ាក់​បាន​ទៅលើ​តំបន់​ព្រំដែន​រវាង​ស៊ី​រី និង​អ៊ីរ៉ាក់​ដែលជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ISIS ដោយមាន​កិច្ចសហការ​ជាមួយ​ទីក្រុង​ដា​ម៉ាស់​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ជាមួយគ្នានេះ​ទីក្រុង​ម៉ូ​ស៊ុ​ល ដែលជា​មូលដ្ឋាន​ស្នូល​របស់​ក្រុម ISIS វិញ​ក៏​កំពុងតែ​ត្រូវបាន​កងទ័ព​អ៊ីរ៉ាក់​វាយ​រំដោះ​ជា​បណ្តើរ​ផងដែរ តាមរយៈ​ការ​វាយ​កាន់កាប់​មកវិញ​នូវ​តំបន់​សំខាន់ៗ ដូចជា​ព្រលានយន្តហោះ និង​មូលដ្ឋានទ័ព​ជាដើម​។
​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក al-Abadi បាន​ថ្លែង​បញ្ជាក់ថា «​វីរៈបុរស​លើ​ដែនអាកាស​របស់​យើង​បាន​បើក​ការវាយប្រហារ​សងសឹក​ទៅលើ​ក្រុម​ភេរ​វករ ដោយ​ទទួលបាន​នូវ​ជោគជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។ លោក​បន្ថែមថា ការវាយប្រហារ​ត្រូវបាន​កងទ័ព​អ៊ីរ៉ាក់​អះអាងថា ធ្វើឡើង​ទៅលើ​មូលដ្ឋាន​ផលិត​គ្រាប់បែក​សម្រាប់​បំផ្ទុះ​លើ​រថយន្ត​របស់​ក្រុម ISIS នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប F16 ក្នុង​ប្រតិបត្តិការ ខណៈ​អាមេរិក​ក៏បាន​ជួយ​ក្នុង​រឿងនេះ​ដែរ តាមរយៈ​ការផ្តល់​ព័ត៌មាន​សម្ងាត់​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​គឺជា​លើកដំបូង​ដើម្បី​ជាការ​សងសឹក​ទៅនឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​បា​កដា​ដដែល​បានសម្លាប់​ប្រជាជន​អ៊ីរ៉ាក់​ជាច្រើន​នាក់​ស្លាប់ និង​រងរបួស​៕

fn-2017-02-25-10-19-34-0