ខេត្តពោធិ៍សាត់៖បុរសពោះម៉ាយល្មោភកាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងនារីរងគ្រោះ ករណីចាប់រំលោភរហូតបានសម្រេច ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិកំពង់ប្រាក់ ឃុំស្នារអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។ បុរសល្មោភកាមមានឈ្មោះ អ៊ឹម កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ចំណែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ហើយអ្នកទាំង២រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ នារីរងគ្រោះបានអុំទូកទៅបត់ជើងធំនៅព្រៃលិចទឹកក្រោយផ្ទះ ខណៈកំពុងតែបត់ជើង ស្រាប់តែជនសង្ស័យបានមកចាប់នាងក្រៀកឡើងលើកាណូត បន្ទាប់មកធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចតែម្តង។ ក្រោយពីចាប់រំលោភនាងរួច ជនសង្ស័យបានគំរាមនាងមិនឲ្យប្រាប់អ្នកណា ហើយក៏បើកកាណូតទៅបាត់តែម្តង។ ដោយសារតែខ្លាចជនសង្ស័យ ទើបនារីរងគ្រោះមិនហ៊ានប្រាប់អ្នកណា រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ទើបនាងដាច់ចិត្តដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏ធ្វើសកម្មភាពឃាត់ខ្លួនជនសង្ស័យតែម្តង៕