ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ២នាក់ដែលជួបឧបទ្ទវហេតុធ្លាក់ពីលើអគារការដ្ឋានសំណង់កំពស់៣៩ជាន់នៅខេត្តប៉ាធុមថានី ប្រទេសថៃ ត្រូវបានភាគីថៃបញ្ជូនសពប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងព្រឹកនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ជនរងគ្រោះទាំង២នាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នា ម្នាក់ឈ្មោះ ឆេង សឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ មូល កុសល ភេទប្រុស អាយុ២២ឆ្នាំ ជាប្អូនថ្លៃ មានទីលំនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះទាំង២នាក់បានជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារ ខណៈកំពុងធ្វើការជាកម្មករសំណង់នៅខេត្តប៉ាធំថានី ជិតក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
សាច់ញាតិសពបានប្រាប់ពីហេតុការណ៍ធ្លាក់នោះដល់សមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា មុនកើតហេតុ ជនរងគ្រោះបានស្ថិតនៅលើអគារការដ្ឋានសំណង់មួយដែលមានកំពស់៣៩ជាន់ ចាំទទួលស៊ីម៉ងត៍ដែលគ្រឿងចក្រយោងឡើងតាមដងស្ទូច ។ ខណៈគ្រឿងចក្រយោងស៊ីម៉ង់ត៍ដល់ចំណុចជាន់ទី៣៩នោះ ជនរងគ្រោះកំពុងស្រាយទំពក់យោង ស្រាប់តែអ្នកបញ្ជាគ្រឿងចក្រឡើងធ្វើឲ្យបោកចំជនរងគ្រោះទាំង២នាក់ធ្លាក់មកដីតែម្តង ។
សពក្រោយបញ្ជូនដល់កម្ពុជា ត្រូវសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕