រាជធានីភ្នំពេញ៖ដោយផ្តើមពីការថ្លែងថា ការរស់រាន ការលើកកម្ពស់សិទ្ធិសេរីភាព កើតចេញពីប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ ហើយផ្ទុយទៅវិញប្រសិនបើប្រទេសដែលគ្មានសន្តិភាពមានសង្គ្រាមបង្ហូរឈាម គឺកុំនិយាយដល់សិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ។ ដូច្នេះដើម្បីឲ្យមានសិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពពេញលេញនោះ យើងត្រូវនាំគ្នាការពារសុខសន្តិភាពក្នុងប្រទេសកម្ពុជាឲ្យបានទោះជាស្ថិតក្នុងតម្លៃណាក៏ដោយចុះ។
ថ្លែងនៅក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការពង្រឹងអភិបាលកិច្ច រួមទាំងការពង្រឹងសន្តិសុខ ការពារពលរដ្ឋ និងភ្ញៀវទេសចរដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យបរទេសទេសមកទស្សនាកម្ពុជា ។
សម្តេច ហ៊ុន សែន ក៏បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា និងបំផ្លាញនូវអ្វីៗ ទាំងអស់នៅកម្ពុជា ជាក់ស្តែង អង្គរវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែតំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេសមកកំសាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។
ផ្តើមពីនោះសម្តេចបានដាក់បទបញ្ជាថា ក្នុងរូបភាពណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ឲ្យបាន នូវសុខសន្តិភាពដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ ។
ការថ្លែងរបស់សម្តេច ទាក់ទងការការពារសន្តិភាពមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែសម្តេចបានក្រើនរម្លឹកញឹកញ៉ាប់ជាសាធារណៈ ដើម្បីជាការដាស់តឿន និងពញាក់ស្មារតីកងកម្លាំងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ក្នុងការការពារសន្តិភាព ដែលស្វែងរកបានដោយកម្រដូចសព្វថ្ងៃនេះ៕