រាជធានីភ្នំពេញ៖លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញបានដឹកនាំអភិបាលរងលោក ឃួង ស្រេង ស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ ចុះទៅពិនិត្យផ្ទាល់ នៅទីតាំងត្រពាំងឈូក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណដែលទីតាំងនេះ ជាសំបុកគ្រឿងញៀនដ៏ធំក្នុងរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍យុទ្ធនាការបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងឈូក ក្នុងរយៈពេល២ខែ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៣១នាក់ ក្នុងនោះ មានមនុស្សស្រីចំនួន១៨នាក់ រឹបអូសថ្នាំញៀនបានចំនួន៧១កញ្ចប់ និង២០គ្រាប់ ។
ចំណែក ការរុះរើបន្ទប់ផ្ទះជួលបានចំនួន៩៨បន្ទប់ ក្នុងចំណោមផ្ទះជួលទាំងអស់១០៨បន្ទប់នៅតំបន់នោះ ដែលការរុះរើដោយបង្ខំ នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯង តែគេមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
តាមការស្រង់ស្ថិតិប្រជាជនរស់នៅ ក្នុងតំបន់ភូមិត្រពាំងឈូក នោះ គឺ មានប្រជាជនសរុបចំនួន២៩៨៤នាក់ ក្នុងនោះមាននុស្សស្រីចំនួន១៤៤៦នាក់ ចែកជា៦៦៣គ្រួសារ និងមានផ្ទះចំនួន៣៩៨ខ្នង ឬស្មើ៣៩៨ក្បាលដីឡូត៍៕