រុស្ស៊ី៖កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសរុស្ស៊ី និងចិនបានវេតូសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិគាំទ្រដោយលោកខាងលិចដែលនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ីរីដោយសារតែការប្រើអាវុធគីមី។ នេះជាការប៉ះទង្គិចគ្នាលើកដំបូងហើយនៅក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ឡើងចូលកាន់តំណែងមក។
ការវេតូទាំងពីរនេះបានកើតឡើងចំពេលដែលកិច្ចពិភាក្សាសន្តិភាពក្នុងទីក្រុងហ្សឺណែវមិនបានបង្ហាញពីការរីកចម្រើនទេលើការបញ្ចប់សង្គ្រាមរយៈពេលជិតប្រាំមួយឆ្នាំក្នុងប្រទេសស៊ីរី។
វាជាលើកទីប្រាំពីរហើយសម្រាប់ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយោធាកំពូលរបស់ប្រទេសស៊ីរីបានប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីការពាររបបក្រុងដាម៉ាស។ ប្រទេសចិនបានគាំទ្ររដ្ឋាភិបាលក្រុងមូស្គូដោយប្រើសិទ្ធិវេតូរបស់ខ្លួនប្រាំមួយដងស្តីពីបញ្ហាប្រទេសស៊ីរី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានមុនពេលការបោះឆ្នោតនេះថា ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរីគឺ “មិនសមរម្យទាល់តែសោះ” ខណៈពេលដែលការចរចាកំពុងតែបន្តនៅទីក្រុងហ្សឺណែវស្តីអំពីការបញ្ចប់សង្គ្រាម។
ឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley បានរិះគន់វាយបកត្រឡប់ទៅវិញថា “សេចក្តីសម្រេចនេះគឺសមរម្យណាស់”។ លោកស្រីបន្តថា “វាជាថ្ងៃដ៏សោកស្តាយនៅក្រុមប្រឹក្សាសន្តិសុខពេលសមាជិកចាប់ផ្ដើមរកលេសសម្រាប់រដ្ឋជាសមាជិកផ្សេងទៀតដែលកំពុងសម្លាប់ប្រជាជនខ្លួនឯង”។
លោកស្រីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខក្រោយវិធានការនេះត្រូវបានច្រានចោលថា “ពិភពលោកគឺពិតជាកន្លែងដ៏គ្រោះថ្នាក់មួយ”។
សេចក្តីសម្រេចនេះត្រូវបានគាំទ្រដោយប្រទេសអង់គ្លេស បារាំងនិងសហរដ្ឋអាមេរិកខណៈដែលប្រទេសចំនួនបីបានប្រឆាំងនឹងវាមានដូចជាបូលីវី ចិននិងរុស្ស៊ី។ ប្រទេសអេហ្ស៊ីប អេត្យូពី និងកាហ្សាក់ស្ថានបានអនុបវាទ។
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះបានទាមទារឲ្យមានការបោះឆ្នោតជាវិជ្ជមានប្រាំបួនសំឡេងនិងគ្មានការវេតូទេបើសិនជាចង់អនុម័តវា។
សេចក្តីសម្រេចនេះនឹងដាក់ជនជាតិស៊ីរីចំនួន១១នាក់ដែលភាគច្រើនជាមេបញ្ជាការយោធានិងអង្គភាពចំនួន១០ដែលពាក់ព័ន្ធនឹងការវាយប្រហារគីមីក្នុងឆ្នាំ២០១៤និង២០១៥លើបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។
វាក៏រួមបញ្ចូលទាំងការហាមឃាត់លើការលក់ឧទ្ធម្ភាគចក្រនិងសារធាតុគីមីទៅឲ្យកងកម្លាំងប្រដាប់អាវុធស៊ីរីឬរដ្ឋាភិបាលផងដែរ៕