វៀតណាម៖អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh ថ្លែងថា ចិនបានធ្វើសកម្មភាពជាឯកតោភាគីជាច្រើនដែលបំពានដល់ដែនអធិបតេយ្យភាពវៀតណាម ដែលផ្ទុយពីខ្លឹមសារច្បាប់អន្តរជាតិ តាមរយៈការហាមមិនឲ្យអ្នកនេសាទវៀតណាមចូលនេសាទនៅតំបន់ដែលកំពុងមានជម្លោះរួមមាននៅជិតប្រជុំកោះប៉ារ៉ាសែលដែលវៀតណាមថាជារបស់ខ្លួន ប៉ុន្តែពេលនេះ ចិនកំពុងគ្រប់គ្រង។
ជាមួយគ្នានេះរដ្ឋាភិបាលវៀតណាមបានចោទថា ករណីចិនហាមការនេសាទនោះ គឺជាផ្នែកមួយនៃការបង្កជម្លោះនៅសមុទ្រចិនខាងត្បូង ដែលរំលោភបំពានលើដែនអធិបតេយ្យភាពរបស់វៀតណាមនិងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញបន្ថែមខ្លាំងទៀត។ ទន្ទឹមនោះក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា វៀតណាមប្រឆាំង និងបំរាមនោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វៀតណាម មានហេតុផលផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់បញ្ជាក់ថា ទីនោះជាកម្មសិទ្ធិរបស់វៀតណាម។ នេះបើតាមទីភ្នាក់ងារព័ត៌មានAP៕