សភា​ហ្វីលីពីន​អនុម័ត​ឲ្យប្រើច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើង​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2017 ក+ ក-

​ហ្វីលីពីន​៖​សភា​ហ្វីលីពីន​បានអនុម័ត​សំណើ​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុងការ​យកទោស​ប្រហារជីវិត​មក​ប្រើ​វិញ​ដែល​នេះ​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការយក​ទោស​នេះ​មក​ប្រើ​វិញ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​បន្ទាប់ពី​វា​ត្រូវបាន​លុបចោល​។​
​សេចក្តីព្រាងច្បាប់​នេះ​ដែល​នឹង​អនុញ្ញាត​ជា​ចម្បង​ឲ្យ​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​នោះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការសន្យា​នៃ​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី Rodrigo Duterte ក្នុងការ​បញ្ចប់​ឧក្រិដ្ឋកម្ម​និង​អំពើពុករលួយ​។​
​ចាប់តាំងពី​ពេល​លោក Duterte ចូលកាន់​តំណែង​ក្នុង​ខែមិថុនា​ឆ្នាំមុន​មក មនុស្ស​រាប់ពាន់នាក់​ដែល​គេ​សង្ស័យថា​ជា​អ្នកញៀន​ថ្នាំ​ឬ​អ្នក​ចែកចាយ​ត្រូវបាន​សម្លាប់​ដោយ​មន្ត្រីប៉ូលិស​ឬ​អ្នកការពារ​ច្បាប់​ដែលជា​ផ្នែក​មួយ​នៃ​ការសន្យា​នោះ​។​
​ដើម្បី​ក្លាយទៅជា​ច្បាប់​មួយ សេចក្តីព្រាងច្បាប់​ប្រហារជីវិត​នេះ​ត្រូវតែ​ប្រឈម​នឹង​ការបកស្រាយ​លើក​ទី​បី​នៅក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធភាព​របស់លោក​ប្រធានាធិបតី​មុនពេល​ឆ្លងទៅ​ព្រឹទ្ធសភា​ដែល​ក៏​គ្រប់គ្រង​ដោយ​អ្នក​ជិត​ស្និ​ទ្ធិ​នឹង​លោក Duterte ដូចគ្នា​។ បន្ទាប់មក សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​។​
​ក្រោម​សំណើ​នេះ ឧក្រិដ្ឋកម្ម​ដែល​គេ​ចាត់ទុកថា​សាហាវយង់ឃ្នង​នឹងត្រូវ​ទទួលទោស​ប្រហារជីវិត​។ ទាំងនោះ​រួមមាន​ទម្រង់​មួយចំនួន​នៃ​ការចាប់រំលោភ​និង​សម្លាប់​ព្រមទាំង​បទល្មើស​គ្រឿងញៀន​នានា​ដូច​ជាការ​នាំចូល លក់ ផលិត នាំយក​និង​ចែកចាយ​គ្រឿងញៀន​។​
​ការកាន់កាប់​គ្រឿងញៀន​នឹងត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​បើ​យោងតាម​សេចក្តីព្រាងច្បាប់​នេះ​បាន​ឲ្យ​ដឹងថា ការផ្តន្ទាទោស​ប្រហារជីវិត​នឹង​ជាធម្មតា​ត្រូវបាន​អនុវត្ត​ដោយ​ការព្យួរ​ក ការបាញ់ប្រហារ​ឬ​ការចាក់​ថ្នាំ​ផ្តាច់ជីវិត​។​នៅពេលដែល​វិធានការ​នេះ​ទៅដល់​ព្រឹទ្ធសភា សមាជិកសភា​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​រង់ចាំ​ការសម្រេច​របស់​ក្រសួងយុត្តិធម៌​ថា​តើ​វា​ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នេះ​ចំពោះ​អនុសញ្ញា​អន្តរជាតិ​ដែរ​ឬក៏​អត់​។​
​គួរ​បញ្ជាក់ថា ទោស​ប្រហារជីវិត​ត្រូវបាន​លុបបំបាត់​ក្នុង​ឆ្នាំ​១៩៨៧​ប៉ុន្តែ​លោក​ប្រធានាធិបតី Fidel Ramos បាន​យក​វា​មក​ប្រើ​វិញ​នៅក្នុង​ឆ្នាំ​១៩៩៣​ដោយ​លើកឡើង​ពី “​ការគ្រប់គ្រង​បទល្មើស​”​។ ប្រធានាធិបតី Gloria Macapagal Arroyo បាន​ផ្អាក​ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០០៦៕

2016-12-philippines