រាជធានីភ្នំពេញ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ដែល ACU ឃាត់ខ្លួនករណីពុករលួយ នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង៥៩៣នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ។
ការប្រកាសសម្រេចឃុំខ្លួនបណ្តោះអាសន្ននាពេលនេះ បានធ្វើឡើងក្រោយពីមន្ត្រីតុលាការ បានបំពេញនីតិវិធីសាកសួរ មន្ត្រីសាលារាជធានីភ្នំពេញទាំង២នាក់ ចំនួន២លើករួមមកហើយ ពោលគឺលើកទី១ នៅថ្ងៃទី០១ ខែមីនា និងលើកទី២ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា មន្ត្រីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ៕