ខេត្តស្ទឹងត្រែង៖កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានចាប់មេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ជនជាតិឡាវដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ប្រមាណ៥គីឡូក្រាម នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីបើកការស្រាវជ្រាវ និងតាមដានជាយូរថ្ងៃ។
លោក យិន បញ្ញារិទ្ធិ នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានប្រាប់ ថា មេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវរូបនេះ ឈ្មោះ ថាវ ម៉ៃសន អាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ៃ សាយ អាយុ៣៥ឆ្នាំ រស់នៅភូមិណាឌី ស្រុកវៀងថង ខេត្តបិសខាំសៃ។ លោកបានបញ្ជាក់ថា មេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវ ដែលត្រូវចាប់ខ្លួននៅពេលនេះ ធ្លាប់ធ្វើសកម្មភាពនាពេលកន្លងទៅ ហើយក៏មានពួកឧក្រិដ្ឋជននៅវៀតណាម ធ្លាប់បញ្ជាទិញពី៣០ទៅ៥០គីឡូក្រាមផងដែរ។
ក្រោយឃាត់ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕